ព័ត៌មានជាតិ

ភាគីពាក់ព័ន្ធ រួមគ្នាដឹកទឹកមកដាក់ក្នុង កសិន្ធុប្រាសាទបាគង ដើម្បីជួយសង្រ្គោះត្រី

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរ ស្រុកប្រាសាទបាគង ចាប់ផ្តើមដឹកទឹកបញ្ចូល ក្នុងកសិន្ធុប្រាសាទបាគង ដើម្បីសង្គ្រោះត្រីដែលនៅ សេសសល់ ។ នេះបើតាមសេចក្តីរាយការណ៍ ពីមន្ទីរព័ត៌មានខេត្តសៀមរាប មកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

លោក សូប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា កាលពីថ្ងៃ៨ មិថុនា មានត្រីប្រាប្រមាណជា ១៣ ក្បាលបានងាប់ជាបន្តបន្ទាប់ ដោយសារទឹកនៅកសិន្ទុប្រាសាទ រីងហួត រាក់ធ្វើឲ្យទឹកឡើងកម្តៅ ។ ដោយពិនិត្យឃើញហេតុការណ៍ បែបនេះ កាលពីថ្ងៃ១០ មិថុនា អាជ្ញាធរស្រុក និងអាជ្ញាធរជាតិអប្សរាបាន ចុះត្រួតពិនិត្យស្ថានភាព ជាក់ស្តែង និងបានរិះរកវិធានការ ដោះស្រាយជាបន្ទាន់ដោយស្នើសុំរថយន្តពន្លត់ អគ្គិភ័យពីស្នងការនគរបាល និងស្ថាប័នផ្សេងៗ ចំនួន៥គ្រឿង ដើម្បីដឹកទឹកយកមកបញ្ចូលក្នុងកសិន្ធុប្រាសាទបាគង ដើម្បីសង្រ្គោះត្រីនៅសេសសល់។

លោក សូប្លាតុង បានបញ្ជាក់ទៀតថា ដើម្បីសង្គ្រោះត្រីនៅសេសសល់ អាជ្ញាធរបានដាក់ចេញវិធានការ ចំនួន៣ចំណុច ។ ក្នុងនោះទី១ សមត្ថកិច្ចបានយករថយន្តដឹកទឹកពីក្រៅមកបញ្ចូលក្នុងកសិន្ធុ ដើម្បីឲ្យត្រីអាចបន្ត រស់ ។ ទី២ បុកអណ្តូងទឹកដើម្បីបូមទឹក បញ្ជូលទៅក្នុងកសិន្ធុ និងទី៣កម្លាំងប្រជាការពារ ពី៥០ទៅ៦០នាក់ បន្តកាយភក់ចេញ ដើម្បីឲ្យជ្រៅបន្តិច ។

សូមបញ្ជាក់ថា កាលពីថ្ងៃ៨ មិថុនា ប្រជាពលរដ្ឋរួមជាមួយព្រះសង្ឃ បានប្រទះឃើញត្រីប្រាដែលមានទំងន់ធ្ងន់ ងាប់ជាបន្តបន្ទាប់ ដោយសារទឹកក្នុងកសិន្ធុប្រាសាទ បាគងរីងរាក់ធ្វើឡើងកម្តៅ។ ក្នុងនោះមានត្រីមួយចំនួនត្រូវបាន យកទៅដាក់នៅស្រះ ផ្សេង និងបាន យកសត្វកន្ទាយដ៏ធំមួយ ទៅប្រោះទុកនៅអាងក្នុងវត្ត ផងដែរ៕

To Top