ព័ត៌មានជាតិ

វិបត្តិកូវីដ១៩ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ថយចុះដល់១.៩% នៅឆ្នាំ២០២០នេះ ដែលជាអត្រាមិនធ្លាប់មាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ព្យាករណ៍សេដ្ឋកិច្ចកម្ពុជាលើកដំបូង ក្នុងពេលជួបវិបត្តិកូវីដ១៩ថា ឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជា នឹងថយចុះដល់១.៩% ដែលជាអត្រាមិនធ្លាប់មានកន្លងមក ចំណែកក្នុងឆ្នាំ២០២១ ត្រូវបានរំពឹងថា អាចនឹងងើបឡើងវិញ មកក្នុងអត្រាកំណើន៣.៥%។

យោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា “សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមាន ១.៩% ដែលជាអត្រា មិនធ្លាប់មានកន្លងមក, ដែលតាមច្បាប់ស្ដីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបាន គ្រោងសម្រេចបានក្នុងអត្រា៦.៥%, ដោយសារការរីករាលដាល យ៉ាងលឿននៃជំងឺកូវីដ១៩ ដែលបាននិងកំពុង ធ្វើឲ្យតម្រូវការខាងក្រៅ ធ្លាក់ចុះយ៉ាងគំហុក និងរុញច្រានប្រទេសជាច្រើន ជាពិសេសបណ្ដាប្រទេស ដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា ប្រឈមនឹងកំណើនអវិជ្ជមាន”។

សារាចរដដែលឲ្យដឹងទៀតថា ទោះជាយ៉ាងនេះក្ដី តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១ ត្រូវបានរំពឹងថា អាចនឹងងើបឡើងវិញ មកក្នុងអត្រាកំណើន៣.៥% ដោយសារការរំពឹងទុក នៃការងើបឡើងវិញយឺត នៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសការកើនឡើង ក្នុងកម្រិតទាប នៃតម្រូវការខាងក្រៅ និង ទំនុកចិត្តទីផ្សារក្នុងស្រុក។

ប្រភពដដែលបន្ថែមថា កំណើននេះ ត្រូវបានគាំទ្រដោយកំណើន នៃវិស័យកសិកម្ម ប្រមាណ១.៦% និង ការងើបឡើងវិញ នៃវិស័យឧស្សាហកម្ម ដែលអាចសម្រេចបានកំណើន ក្នុងអត្រា៤.១% ដោយសារការកើនឡើងវិញ ក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ នៅតែបន្តកំណើនល្អប្រសើរ, ព្រមទាំងការកើនឡើងវិញ នៃវិស័យសេវាកម្មមក ក្នុងអត្រាកំណើនទាប ៣.៦% ដោយសារ ការរំពឹងទុកការងើបឡើងវិញ ក្នុងកម្រិតទាបនូវសកម្មភាពសេដ្ឋកិច្ច ជាពិសេស ក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុក បន្ទាប់ពីវិបត្តិកូវីដ-១៩។

ប្រភពបន្ថែមទៀតថា អត្រាអតិផរណា ត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងកម្រិត អាចគ្រប់គ្រងបាន ក្នុងអត្រា២.៨% ក្នុងឆ្នាំ២០២០ ដោយសារការ រំពឹងទុកការកើនឡើង នៃតម្រូវការ (demand shock) ម្ហូបអាហារ និងផលិតផលផ្សេងទៀតនៅ លើទីផ្សារស្របពេល ដែលការផ្គត់ផ្គង់ត្រូវបានរំពឹងថា នឹងថមថយ ខណៈដែលថ្លៃដឹកជញ្ជូន ត្រូវបានប៉ាន់ស្មានថា នឹងធ្លាក់ចុះទៅតាមនិន្នាការ ថ្លៃប្រេងលើទីផ្សារអន្តរជាតិ។ ក្នុងឆ្នាំ២០២១អត្រានេះ ត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងអត្រា៣.១% ដោយសារការរំពឹងទុក ការកើនឡើងបន្តិចមកវិញ នូវថ្លៃប្រេងអន្តរជាតិ។

រាជរដ្ឋាភិបាលអះអាងថា អត្រាប្តូរប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារ ត្រូវបានរំពឹងថា នឹងមានស្ថិរភាពក្នុងឆ្នាំ២០២០ និង២០២១ គឺស្ថិតក្នុងរង្វង់ ៤១០០ រៀល ក្នុងមួយដុល្លារអាមេរិក ដោយសារជំនឿទុកចិត្ត ពីសំណាក់សាធារណជន លើការប្រើប្រាស់ប្រាក់រៀល តាមរយៈការអនុវត្តវិធានការ លើកកម្ពស់ប្រាក់រៀល របស់ធនាគារជាតិនៃកម្ពុជា និង ការបន្តពង្រឹងគោលនយោបាយ គ្រប់គ្រងសាច់ប្រាក់ ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ។

សម្រាប់ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ទំហំ១៧.៦% នៃ ផសស ក្នុងឆ្នាំ ២០២០ ដោយសារការរំពឹងទុក ការធ្លាក់ចុះនៃការនាំចេញ និងការធ្លាក់ចុះ នៃចំណូលជារូបិយបណ្ណ ដែលបានមកពីទេសចរអន្តរជាតិ មានល្បឿនលឿន ជាងការធ្លាក់ចុះនៃ ផសស។ យ៉ាងណាមិញ, ទំហំនេះ ត្រូវបានព្យាករថា នឹងរួមតូចបន្តិចមកត្រឹម១៧.៣% នៃផសស ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុក នៃការងើបឡើងវិញបន្តិច នូវការនាំចេញ និងវិស័យទេសចរណ៍។

ចំណែកទុនបម្រុងអន្តរជាតិសរុបក្នុងឆ្នាំ ២០២០ ត្រូវបានរំពឹងថា នឹងថយចុះមកត្រឹម ១៦,៩៣៧លានដុល្លារអាមេរិក ដោយសារការរីកធំនៃឱនភាពគណនីចរន្ត រួមផ្សំនឹង ការរំពឹងទុកការធ្លាក់ចុះលំហូរ ទុនវិនិយោគពីបរទេស។ ទោះជាយ៉ាងនេះក្ដី ទំហំនេះនៅតែអាចធានា ការនាំចូលបាន៨.៥ខែ ដោយហេតុថា ការនាំចូលរបស់កម្ពុជា ក៏នឹងត្រូវថមថយផងដែរ។ ក្នុងឆ្នាំ២០២១ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ១៦,៩៨១លានដុល្លារអាមេរិក និងធានាការនាំចូលបាន៨ខែ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ ធនាគារពិភពលោក WB បានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ ទំនងជាមិនអាចរកឃើញ កំណើនវិជ្ជមានទេ ប៉ុន្ដែនឹងមានដល់ ១% ក្នុងសេណារីយោគោល នៃការព្យាករ និង ២,៩% ក្នុងសេណារីយោដែលទាបបំផុត។
ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានធ្វើការព្យាករណ៍ ពីកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាដែរ គឺថាអាចនឹងធ្លាក់ចុះមកដល់ ២,៣% ក្នុងឆ្នាំ២០២០ ដោយសារតែការរីករាល នៃមេរោគកូវីដ១៩ នៅជុំវិញសកលលោក ធ្វើឲ្យមានការថមថយសេដ្ឋកិច្ចនៃប្រទេសធំៗ និងប៉ះពាល់ ដល់ការនាំចេញរបស់កម្ពុជា។

ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជា រំពឹងនឹងកើនឡើងវិញដល់ ៥,៧% នៅក្នុងឆ្នាំ ២០២១ ក្នុងករណីដែល វិបត្តិមេរោគកូវីដ១៩ ត្រូវបានបញ្ចប់ ហើយសកម្មភាពសេដ្ឋកិច្ច វិលមករកភាពប្រក្រតីវិញ៕ដោយ៖ធី លីថូ

To Top