ព័ត៌មានជាតិ

សាខាកាកបាទក្រហម ខេត្តកំពង់ចាម ប្រារព្ធពិធីសាសនា ដើម្បីឧទ្ទិសព្រះរាជកុសល ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី អមដំណើរដោយថ្នាក់ដឹកនាំ សមាជិក សមាជិកា ជាច្រើននាក់នាព្រឹកថ្ងៃទី ១៣ ខែមិថុនាឆ្នាំ ២០២០ នេះ បានអញ្ជើញនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ដើម្បីឧទ្ទិសព្រះរាជកុសល ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ ។

ជាមួយគ្នានេះដែរ លោក អ៊ុន ចាន់ដា តាងនាមអោយ គណៈកិត្តិយស សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា ទូទាំងខេត្តកំពង់ចាម បានសម្តែង នូវកត្តញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុត ចំពោះព្រះគុណូបការៈដ័ឧត្តុង្គឧត្តម និងទឹកព្រះទ័យ ប្រកបដោយព្រះព្រហ្មវិហារធម៌ របស់ព្រះអង្គ ដោយបានលះបង់ព្រះកាយ ពល បញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់របស់ទ្រង់ ក្នុងវិស័យសង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និងយាងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងនៃជម្ងឺកូវីដ១៩ រួមចំណែកលើកកំពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ជាកូន ចៅ ចៅទួតរបសព្រះអង្គ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍ ។

ក្នុងពិធីនោះ បន្ទាប់ពី ព្រះសីលសំវរ ប៊ត តាំង ឆេង ព្រះមេគណខេត្ត និងព្រះសង្ឃ ៧ អង្គ បាន សូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីយសាសនា រួចមក លោក អ៊ុនចាន់ដា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញ វេរភត្តហារ ប្រគេនព្រះសង្ឃចំនួន ៧អង្គ ដោយមួយអង្គៗទទួលបាន ៖ ចង្ហាន់ ១ស្រាក់ , ផ្លែឈើ ១កន្ត្រក, សាដក ១ និងបច្ច័យចំនួន ៥ម៉ឺនរៀល , ដោយឡែក ព្រះចៅអធិការវត្ត បច្ច័យ ២០ម៉ឺនរៀល ។ យាយជី តាជី ៨៥នាក់ ម្នាក់ៗ ចំនួន ២០,០០០ រៀល ។ សម្រាប់វត្តភ្នំជ័យគិរី លោក អ៊ុន ចាន់ដា និងលោកសនរី បានប្រគេន អង្ករ ២៥០ គក្រ ,មីជាតិ ១០កេស ,ត្រីខ១២០កំប៉ុង , ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០ កេស និងបច្ច័យចំនួន ១លានរៀលផងដែរ ៕

To Top