ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណាប្រកាស បើកយុទ្ធនាការជាសកល ជាមួយសម្ព័ន្ធ ដៃគូការងារ អន្តរជាតិទាមទារ ឲ្យក្រុមហ៊ុន យូលី,ស័ងលី គោរពលក្ខខណ្ឌការងារ

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានប្រកាសបើកយុទ្ធនាការជាសកល ជាមួយសម្ព័ន្ធដៃគូការងារអន្តរជាតិ ដោយចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីជម្រុញអ្នកបញ្ជាទិញ ដោះស្រាយករណីក្រុមហ៊ុន យូលី,ស័ងលី ដែលបាននិងកំពុងយកឱកាសនៃជម្ងឺកូវីដ រំលោភបំពាន សិទ្ធិកម្មករកាន់តែធ្ងន់ធ្ងរ។

ករណីរំលោភសិទ្ធិដែលលោកប៉ាវ ស៊ីណាលើកឡើងរួមមាន៖
១-ការបញ្ចប់កិច្ចសន្យាការងារកម្មកររាប់រយនាក់ រាប់ទាំងស្រ្តីមានផ្ទៃពោះ និងស្រ្តីដែលសម្រាកកូនរួចផងដែរ
២-ការបញ្ឈប់តំណាងសហជីព
៣-ការដូរកម្មករពីជំនាញ ទៅធ្វើជាកម្មករអនាម័យ
៤-ការដាក់កំណត់ចំនួនអោយដេរហួសហេតុ
៥-ការផ្លាស់ប្តូរលក្ខខណ្ឌការងារពីអ្វីដែលប្រសើរជាងច្បាប់ បែរជាមកអនុវត្តត្រឹមឬទាបជាងច្បាប់
៦-ការអនុវត្តវិធានការការពារជម្ងៃកូវីដ មិនបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងការងារ ។

លោកថា ចំណុចទាំងអស់នេះ នឹងទាមទារឲ្យក្រុមហ៊ុន យូលីនិងស័ងលី ទទួលយក ៖
១-តំណាងសហជីពចូលធ្វើការវិញ និងសងប្រាក់រំលឹក
២-យកកម្មករទាំងអស់ដែលក្រុមហ៊ុន បានបញ្ចប់កិច្ចសន្យាការងារចូលធ្វើការវិញ និងសងប្រាក់រំលឹក
៣-រីឯចំណុចផ្សេងៗទៀត ក៏ត្រូវតែកែប្រែនិងវិលមករកភាពដើមវិញផងដែរ ។

ប្រធានសហជីពរូបនេះបន្តថា ទោះបីបច្ចុប្បន្ន ក្រុមហ៊ុន បញ្ជាទិញ បាននិងកំពុងពិភាក្សាជាមួយ ពួកលោកក៏ដោយ ក៏ត្រូវតែជម្រុញឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីឲ្យមានការដោះស្រាយបានឆាប់ ។

លោក ប៉ាវ ស៊ីណាបន្ថែមថា ជប៉ុន ជាប្រទេសដែល ពិភពលោកគេទទួលស្គាល់ ជាប្រទេសគំរូ គ្រប់វិស័យ ដូច្នេះ ក្រុមហ៊ុនបញ្ជាទិញរបស់ជប៉ុនទាំងអស់ដែល បញ្ជាទិញ ពីក្រុមហ៊ុន យូលី និងស័ងលី មិនអាចបណ្តែតបណ្តោយឲ្យក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន ធ្វើទង្វើរំលោភបំពាន់សិទ្ធិកម្មករ បានឡើយ ព្រោះមិនត្រឹមតែប៉ះពាល់ដល់ក្រុមហ៊ុនរបស់ពួកគេនោះទេ ពោលគឺប៉ះពាល់មុខមាត់របស់ប្រទេសជប៉ុនទាំងមូល ៕

To Top