ពិតដូចលោកហ៊ុន សែនធ្លាប់បានប្រកាសមែនគឺ «តាមវ៉ៃដល់ផ្ទះ» ! ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី ដែលតែងតែ បំពានច្បាប់និង យកច្បាប់ទ្រាប់អង្គុយ ហើយកំពុង តែរត់គេចខ្លួនពីសំណាញ់ ច្បាប់កម្ពុជា ទៅសម្ងំនៅ ស្រុកបារាំងដោយគិតថា អាច រួចខ្លួន ប៉ុន្តែពេលនេះកំពុងជាប់ក្នុងសំណាញ់ ច្បាប់នៅស្រុកបារាំងតែម្តង។
តុលាការព្រហ្មទណ្ឌក្រុងប៉ារីស បានសម្រេចដាក់ សម រង្ស៊ី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ«បរិហារកេរ្តិ៍ជា សាធារណៈលើបុគ្គល»តាមពាក្យបណ្តឹង របស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ ចៅក្រមស៊ើបសួរនៃតុលាការព្រហ្មទណ្ឌក្រុងប៉ារីសបានបញ្ចាក់ថា «មានតម្រុយនិងភស្តុតាងគ្រប់គ្រាន់និងស៊ីសង្វាក់គ្នាដែលបញ្ជាក់ថា បុគ្គល សម រង្ស៊ី ពិតជាបានប្រព្រឹត្តបទល្មើសដូចពាក្យបណ្តឹងចោទប្រកាន់មែន»។
បណ្តឹងរបស់លោក ហ៊ុន សែន ត្រូវបានដាក់ទៅតុលាការព្រហ្មទណ្ឌក្រុងប៉ារីសបន្ទាប់ពី សម រង្ស៊ី បានចោទប្រកាន់ដោយ មួលបង្កាច់តាមទម្លាប់របស់ខ្លួនមកលើលោកនាយក រដ្ឋមន្ត្រីពាក់ព័ន្ធនឹង មរណៈភាពរបស់ លោក ហុក ឡងឌី។
ដោយសារតែទម្លាប់និយាយ មួលបង្កាច់គ្មានភស្តុតាង សម រង្ស៊ី បានជាប់បណ្តឹងរាប់មិនអស់នៅឯតុលាការកម្ពុជា ហើយតាមរយៈ បណ្តឹង ទាំងនោះ សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំនិងត្រូវបង់ប្រាក់ពិន័យជាច្រើនទៀត។
ប៉ុន្តែ ដោយសារតែចរិតដ៏ក្រឡិចក្រឡុចនិង ពោរពេញដោយពុតត្បុតរបស់ខ្លួន សម រង្ស៊ី តែងតែ បិទបាំងកំហុសរបស់ខ្លួន ដោយចោទប្រកាន់តុលាការកម្ពុជាថា លម្អៀងនិងធ្វើតាម បញ្ជារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប៉ុន្តែ បណ្តឹងរបស់លោក ហ៊ុន សែននិងលោក ឌី វិជ្ជា ដែលជាកូនបង្កើតរបស់លោក ហុក ឡងឌី នៅពេលនេះ គឺបានតាមជាន់ក សម រង្ស៊ី ដល់ផ្ទះនៅឯស្រុកបារាំងតែម្តង។ យើងក៏រង់ចាំមើលថាតើ «សម រង្ស៊ី ហ៊ានចោទប្រកាន់តុលាការក្រុង ប៉ារីសថា លម្អៀងនិងធ្វើតាម បញ្ជាលោក ហ៊ុន សែន ទៀតឬទេ?
ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន ប្រឆាំង សម រង្ស៊ី នៅ តុលាការបារាំងពិតជា មានអត្ថន័យច្រើនយ៉ាង៖
ទី១៖ វាបានសបញ្ជាក់ឲ្យឃើញថា «មាសសុទ្ធមិនខ្លាចភ្លើង» ពោលគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមនុស្សបរិសុទ្ធមិនដូចការចោទប្រកាន់មួលបង្កាច់របស់ សម រង្ស៊ី ឡើយ។ ដូច្នេះ ទោះជាត្រូវតតាំងក្តីនៅចំពោះមុខតុលាការណា ក៏ដោយ ក៏លោកហ៊ុន សែន មិនខ្លាចដែរដើម្បីការពារភាពស្អាត ស្អំរបស់ខ្លួនក៏ដូចជាដើម្បីយុត្តិធម៌។
ទី២៖ វាបានសបញ្ជាក់ឲ្យឃើញ
ថា ជនទុច្ចរិតដូច សម រង្ស៊ី ដែលធ្វើនយោបាយជិត៣០ឆ្នាំ នៅ កម្ពុជាដោយយកច្បាប់ទ្រាប់អង្គុយនិងដោយប្រើនយោបាយប្រជាភិថុតិ ទុច្ចរិត មួលបង្កាច់ ទីបំផុតមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយទោះជាខំរត់គេចខ្លួនដល់ក្រហែងមេឃណាក៏ដោយ។
ទី៣៖ ចំណាត់ការរបស់តុលាការព្រហ្មទណ្ឌក្រុងប៉ារីសចំពោះបុគ្គល សម រង្ស៊ី មិនត្រឹមតែផ្តល់យុត្តិធម៌ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាអំណះអំណាងយ៉ាងច្បាស់ លាស់ដែលបញ្ជាក់ថា : បណ្តឹង ទាំងប៉ុន្មានប្រឆាំង សម រង្ស៊ី នៅ តុលាការកម្ពុជានិងចំណាត់ការរបស់តុលាការភ្នំពេញដែលដាក់ទោសលើ សម រង្ស៊ី គឺជា រឿងត្រឹមត្រូវដើម្បីបុព្វហេតុ យុត្តិធម៌ គឺមិនមែនដូចការ មួលបង្កាច់របស់ សម រង្ស៊ី និងគូកនមកលើតុលាការកម្ពុជា នោះឡើយ។
ទី៤៖ វាក៏ជាសារមួយ ច្បាស់លាស់សម្រាប់គូកនរបស់ សម រង្ស៊ី ដែលបង្កប់ខ្លួនក្នុង បណ្តាញសារព័ត៌មាន អង្គការសង្គមស៊ីវិល ឬអ្នក ដែលប្រកាសខ្លួនឯងថាជាអ្នកវិភាគឯករាជ ទាំងឡាយ ឲ្យប្រយ័ត្ន ចំពោះពាក្យសម្តីបំភ្លៃ បំប៉ោង មួលបង្កាច់របស់ខ្លួនផង ពីព្រោះបើទោះជាអ្នកទៅសម្ងំនៅទីណាក៏ដោយ ក៏ពាក្យបណ្តឹងអាចទៅដល់ទីនោះបាន ដែរ។
គេនៅចាំបានថា សម រង្ស៊ី ធ្លាប់បានអួតក្អេងក្អាង និងបានពន្យុះ ឲ្យលោក ហ៊ុន សែន ដាក់ពាក្យបណ្តឹងទៅតុលាការបារាំងដោយចាត់ទុកថានោះគឺជាអន្ទាក់របស់ខ្លួន។ តាមពិតទៅ នេះគ្រាន់តែ ជាយុទ្ធវិធី «គោះទឹកបង្អើលត្រី»របស់ សម រង្ស៊ី ដើម្បីបន្ទុច
បង្អាក់លោក ហ៊ុន សែន កុំឲ្យប្តឹងទៅតុលាការបារាំងតែប៉ុណ្ណោះពីព្រោះ សម រង្ស៊ី ដឹងខ្លួនច្បាស់ណាស់ថា បើមានពាក្យបណ្តឹង មែន ខ្លួនច្បាស់ជាចាញ់ក្តីយ៉ាងពិតប្រាកដ ដោយសារតែអ្វីដែលខ្លួនបាននិយាយគឺជាការចោទ ប្រកាន់ដោយគ្មានភស្តុតាងអ្វីទាំងអស់។
ចំណុចខ្សោយរបស់សម រង្ស៊ី នៅត្រង់ថា គាត់គឺជាអ្នកនយោបាយដែល និយាយនិងសំរេចចិត្តតាមតែអារម្មណ៍និងគ្មានទស្សនះគ្រប់ជ្រុងជ្រោយហើយជាពិសេស គឺអ្វីៗ ទាំងអស់ដែលគាត់ និយាយនិងធ្វើតែងតែ បង្កប់ដោយគំនុំសងសឹកដូច ប៉ុល ពត។ ប៉ុន្តែ នៅក្នុងតុលាការ ទោះជា នៅស្រុកណាក៏ដោយ គឺគេសម្រេចក្តីទៅតាមផ្លូវច្បាប់ដោយយក ភស្តុតាងជាសំអាង។
ម៉្យាងវីញទៀត សម រង្ស៊ី ភ្លេចគិត នូវចំណុចពិសេសដ៍ធំបំផុតមួយនោះគឺ លោក ហ៊ុន សែន គឺជាអ្នកយុទ្ធសាស្ត្រដ៏ជំនាញ ម្នាក់ដែលធ្លាប់រំលាយអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមទាំងស្រុងដែលសូម្បីតែអង្គការសហប្រជាជាតិក៏មិនអាចធ្វើបានផង។ ជាពិសេស ការឈរជើងបានយ៉ាងរឹងមាំក្នុងដំណែងកំពូលក្នុងការដឹកនាំគ្រប់គ្រងប្រទេសខ្មែរបាន៤១ឆ្នាំហើយនេះ ក៏ជាភស្តុតាងមិនអាចប្រកែកបានដែល បញ្ជាក់អំពី« លក្ខណះ ពិសេស ភាពខ្លាំង និងភាពឈ្លាសវៃគ្រប់ជ្រុង ជ្រោយរបស់បុរសខ្លាំងកម្ពុជារូបនេះ» ផងដែរ។
សរុបមកវិញ ចំណាត់ការរបស់តុលាការព្រហ្មទណ្ឌក្រុងប៉ារីសដែលបានដាក់ សម រង្ស៊ី ឲ្យស្ថិតនៅ ក្រោមការចោទប្រកាន់ពី បទ«បរិហារកេរ្តិ៍ជា សាធារណៈចំពោះបុគ្គល» ធ្វើឲ្យសម រង្ស៊ីកាន់តែល្ងិតមុខនិងរឹងថ្គាមមិនអាចបៀមឈាមព្រួសដាក់គេឯងតាមអំពើចិត្តបានទៀតឡើយ ពោលគឺ អ្នកបំពានច្បាប់ ទោះជារត់ទៅពួនសម្ងំដល់ក្រហែងមេឃណាក៏គេចមិនផុតពី សំណាញ់ច្បាប់ដែរដូចអ្វីដែល លោក ហ៊ុន សែន ធ្លាប់បាន បញ្ជាក់រួចហើយថា «ទោះជាសត្រូវរបស់លោកទៅដល់ក្រហែងមេឃណា ក៏លោកតាមវ៉ៃបានដែរ»៕ ដោយ៖ អ្នកនយោបាយតុកាហ្វេ