ព័ត៌មានជាតិ

កម្ពុជា ជំរុញប្រទេស២៦ ចាប់ផ្តើមរិះរកមធ្យោបាយ ស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ១៩រលាយបាត់

ភ្នំពេញ៖ ស្របពេលស្ថានភាពជំងឺកូវីដ១៩កំពុងធូរ ស្រាលនៅតាមប្រទេសមួយចំនួនលើពិភពលោក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរ ទេសខ្មែរ បានជំរុញឲ្យប្រទេសទាំង២៦ដែលជាដៃគូកិច្ចសហប្រតិបតិ្តការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវ មធ្យោបាយ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតនេះរលាយផុតទៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១៩ មិថុនានេះ បានឲ្យដឹងថា ថ្ងៃ១៨ មិថុនា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខណ្ឌកិច្ចសហ ប្រតិបតិ្តការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសាធារណរដ្ឋប្រជាមានិតចិន ដោយដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរ ទេសចិន ព្រមទាំងចូលរួមដោយរដ្ឋមន្រ្តីមកពី ២៦ ប្រទេស ជាដៃគូនៃកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួច ផ្តើមខ្សែក្រវាត់និងផ្លូវ ។

ក្នុងកិច្ចប្រជុំនោះ លោក ប្រាក់ សុខុន បញ្ជាក់ថា «ក្នុងបរិបទបច្ចុប្បន្នដែលពហុភាគីនិយមនៃវិស័យសុខាភិបាលកំពុងរងការវាយប្រហារ យើងគួរតែ បញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ពួកយើង ក្នុងការគាំទ្រដល់តួនាទីរបស់អង្គការសុខភាពពិភពលោក។ អង្គការសុខភាពពិភពលោក ត្រូវតែទទួលបាននូវ មធ្យោបាយគ្រប់គ្រាន់ដើម្បីអាចបំពេញបេសកកម្មជាធម្មតារបស់ខ្លួនបានកាន់តែប្រសើរឡើង ។ ខណៈដែលស្ថានភាពជម្ងឺកូវីដ-១៩ កំពុងធូរស្រាលនៅតាមប្រទេស មួយចំនួននៅលើពិភពលោក វេលានេះជាពេលត្រូវចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវ មធ្យោបាយ ដើម្បីបង្កើតបរិយាកាស អំណោយផលសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតកន្លងផុត» ។

អង្គប្រជុំបានទទួលស្គាល់នូវ ភាពចាំបាច់តម្រូវឲ្យមាន សាមគ្គីភាពអន្តរជាតិ កិច្ចសហប្រតិបត្តិការពហុភាគី និងការគាំទ្រគ្នាទៅវិញទៅមក កាន់តែរឹងមាំជាងមុន ដើម្បីដោះស្រាយជំងឺងឺរាតត្បាតសកល និងផលប៉ះពាល់សេដ្ឋកិច្ចសង្គម យ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោកឲ្យកាន់តែមានប្រសិទ្ធភាព ដោយគ្មានការរើសអើង ភាព លំអៀង ការប្រកាន់ពូជសាសន៍ និងភាពស្អប់ខ្ពើមឡើយ។ អង្គប្រជុំក៏បានចូលរួមរំលែកទុក្ខ ចំពោះមនុស្សជាច្រើនដែលបានបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ។

អង្គប្រជុំបានទទួលស្គាល់ តួនាទីស្នូលរបស់ប្រព័ន្ធ អង្គការសហប្រជាជាតិ ក្នុងការជំរុញ និងសម្រប សម្រួលការឆ្លើយតបជាសកល ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេស តួនាទីដឹកនាំដ៏សំខាន់ របស់អង្គការសុខភាពពិភពលោក។

នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបពីយុទ្ធនាការដ៏ជោគជ័យរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការចូលរួមចំណែករបស់កម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងសកល។

លោកឧបនាយករដ្ឋមន្រ្តី បានចូលរួមជាមួយថ្នាក់ដឹកនាំដទៃទៀត សំដែងការកោតសរសើរ ដល់ភាគីចិន សម្រាប់ការរៀបចំកិច្ចប្រជុំ ដ៏សំខាន់នេះឡើង ដែល នឹងបង្កើតឲ្យមានការប្តេជ្ញាចិត្តជាអន្ដរជាតិ ដើម្បីជំនះលើការរីករាលដាល នៃជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយជម្ងឺកូវីដ-១៩។

អង្គប្រជុំបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការ អន្តរជាតិបន្ថែមទៀត ដោយស្រប ទៅតាមស្មារតី និងគោលការណ៍នានាដែលមានចែង នៅក្នុងកិច្ចប្រជុំតុមូល ថ្នាក់ដឹកនាំលើកទី២ ស្តីពីវេទិកាខ្សែក្រវាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរ ជាតិ ក្នុងការស្វែងរកការអភិវឌ្ឍដែលមាន បទដ្ឋានខ្ពស់ ផ្តោតទៅលើប្រជាជន និងប្រកបដោយចីរភាព។ ដើម្បីកសាងវិថីសូត្រសុខភាព អង្គប្រជុំបានគូសបញ្ជាក់ពី សារៈសំខាន់នៃការចែករំលែកព័ត៌មាន និងឧត្តម្មានុវត្តន៍ទាន់ពេលវេលា និង ការធ្វើឲ្យប្រសើរឡើងនូវ ការទទួលបានផលិតផលសុខាភិបាល ប្រកបដោយ សមធម៌ និងតំលៃសមរម្យ រួមទាំងវ៉ាក់សាំងការពារដែល គួរតែត្រូវបានទទួលស្គាល់ថា ជាទំនិញ សាធារណៈសកល។

អង្គប្រជុំ ក៏បានពិភាក្សាពីវិធីសាស្រ្ត និងមធ្យោបាយ ដើម្បីជំរុញការតភ្ជាប់ និងលើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៕ ដោយ ខា ដា

To Top