ព័ត៌មានជាតិ

លោកសុខ ទូច សូមអង្វរ កុំឲ្យមានការលុបបឹង តទៅទៀត

ភ្នំពេញ៖ បន្ទាប់ពី សង្កេតឃើញជាក់ស្ដែង កាលពីពេលថ្មីៗនេះ មានការលុបបឹង ជាច្រើនកន្លែង ពីសំណាក់ជនខិលខូចមួយចំនួន ក៏ដូចជាពីសំណាក់ អ្នកមានអំណាចជាដើមនោះ លោកបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងការសូមអង្វរ ក៏ដូចជាអំពាវនាវ កុំឲ្យមានការលុបបឹងតទៅទៀត។

បច្ចុប្បន្នសកម្មលុបបឹង ស្ទើរតែមានគ្រប់ទីកន្លែងនៅកម្ពុជា ជាពិសេស នៅជាយរាជធានីភ្នំពេញតែម្តង។

ក្នុងវេទិកាតុមូល ពិភាក្សាពីការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពេលបញ្ចប់ការ រីករាតត្បាតជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោកសុខ ទូចបានថ្លែងថា កាលពីឆ្នាំ១៩៨២ និងឆ្នាំ១៩៨៣ ខាងជលផលកម្ពុជា បានបាញ់ឈ្មួញវៀតណាម ដែលដឹកត្រីទៅប្រទេសរបស់គេ តែ បច្ចុប្បន្នមិនចាំបាច់បាញ់ឡើយ ឲ្យតែមានលុយយកឲ្យគេ គេដឹកឲ្យដល់កន្លែង។

លោកបន្តថា “ត្រីពោ ត្រីរស ត្រីអីជាដើម យកពីខ្មែរទៅទេ ។ យើងត្រូវមើលកន្លែងហ្នឹង!តែឥឡូវគេបាន យើងត្រូវមើលកន្លែងហ្នឹង ឈប់លុបបឹងទៅ ប្រទេសកូរ៉េមានផ្ទៃដីតូចជាងខ្មែរ មានប្រជាជន ដល់ទៅ ៥២លាននាក់ គេមិនទាន់មានលុបបឹងទេ ។ ខ្ញុំជិះកាត់ បឹងកប់ស្រូវមកឃើញតែចាក់ដី ។ តើយើងអាចទុកបឹង សម្រាប់កែច្នៃវិស័យទេសចរណ៍ បានដែរឬទេ?”។

លោកឲ្យដឹងទៀតថា ការលើកឡើង របស់លោកនាពេលនេះ គឺដឹងថា មានការប៉ះដល់បុគ្គលមួយចំនួន ប៉ុន្តែត្រូវតែទទួលការឈឺចាប់ ប្រសិនបើមិនទទួលយក យោបល់ទេ ហើយនៅតែបន្តលុបបឹងតទៅទៀតនោះ ពេលមានភ្លៀងធ្លាក់ខ្លាំង នឹងធ្វើឲ្យប៉ះពាល់ដូចជា លិចទីក្រុងភ្នំពេញ ដោយហេតុអត់មានកន្លែងហូរទឹកចេញ។

លោកសង្កត់ធ្ងន់ថា ត្រូវតែមានការកែសង្គមកម្ពុជា ព្រោះកម្ពុជា ជាប្រទេសរបស់ប្រជាពលរដ្ឋខ្មែរទាំង អស់គ្នា។

ក្នុងឱកាសនោះ លោកបញ្ជាក់ដែរថា កម្ពុជានាំចូល បន្លែពីវៀតណាម ក្នុងមួយថ្ងៃៗចំនួន ៥០០តោន។

ប្រធានរាជបណ្ឌិត្យសភាបញ្ជាក់ថា “យើងដឹងថា យើង នាំបន្លែគ្រាន់តែវៀតណាម មួយថ្ងៃ៥០០តោន ថៃមានច្រកច្រើនណាស់ ដែលនាំចូលមក ។ ចឹងយើងអត់ បន្ទោសគេទេ យើងត្រូវមើលថា បន្លែអីចូលមក ។ ចុះបើសិន យើងឧទាហរណ៍ថា ត្រូវការ១ពាន់តោន សព្វថ្ងៃគ្រាន់តែច្រក៣ហ្នឹងយើងចំណាយ អស់ទៅកន្លះលានដុល្លារក្នុងមួយថ្ងៃ”។

ទាក់ទងជាមួយបញ្ហា ការការកាប់ព្រៃឈើទន្រ្ទានយកដីរដ្ឋ លោកបញ្ជាក់ថា គ្មានអ្នកណាកាប់ក្រៅពីកូនមេឃុំ ដែលគ្រប់គ្រងតំបន់នោះទេ។

លោកបន្ថែមថា “ខ្ញុំដើរព្រំដែនខ្ញុំបារម្ភ ប៉ុន្តែន្តែខ្ញុំនឹកឃើញថា ខ្ញុំទម្លាក់ជោគវាសនារបស់ខ្ញុំ លើផលបុណ្យ ។ ងាប់លើអីគេចមិនរួចទេ គេចមិនរួចទេ ។ អីចឹងខ្ញុំបានតាំងចិត្តអាហ្នឹងហើយ ដែលធ្វើឲ្យចិត្តខ្ញុំក្លាហ៊ាន ដើរអត់មានបញ្ហា ខ្ញុំថាតែមាត់ទេ ថាចាប់បានត្រូវតែធ្វើ ពេលឃើញវាក្រពេក អត់ហ៊ានទេ យកតែម៉ាស៊ីនអាមក។ តែគោយន្តមិនហ៊ានយកផង ប្ដឹងទៅចៅវាយខេត្ត ប្ដឹងទៅមេព្រៃ កាប់ព្រៃទន្រ្ទានយកដី កូនពីណាគេ កូនមេឃុំ គ្មានពីណាអាហ្នឹងជាបញ្ហា”។

លើសពីនេះទៀត លោកក៏បានអំពាវនាវ កុំឲ្យមានការកាប់ទន្រ្ទានព្រៃយកដីរដ្ឋ ដើម្បីយកមកធ្វើអាជីវកម្ម របស់ខ្លួនតទៅទៀតផងដែរ៕ ដោយ៖ធី លីថូ

To Top