ព័ត៌មានជាតិ

ក្រុមសហជីព ១៣ស្ថាប័ន ស្នើក្រសួងការងារ ពិចារណា បើកប្រាក់រំលឹក អតីតភាព មុនឆ្នាំ២០១៩ និងប្រាក់ បំណាច់ឆ្នាំ២០២០

ភ្នំពេញ ៖ ក្រុមមេដឹកនាំសហជីព មកពី១៣ស្ថាប័ន នៅកម្ពុជា បានជួបជុំគ្នា នៅក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានដាក់លិខិត ស្នើឲ្យក្រសួងពិចារ ណាឡើងវិញ និងបន្តជម្រុញ និយោជកអនុវត្តការ បើកប្រាក់រំលឹកអតីតភាព ការងារមុនឆ្នាំ២០១៩ និងប្រាក់ បំណាច់ការងារឆ្នាំ២០២០ ដល់កម្មករនិយោជិត ក្នុងកំឡុងពេល នៃជំងឺកូវីដ-១៩ ។

ការស្នើរបស់ពួកគាត់នេះ ដោយសារកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការងារបានចេញសេចក្តី ឲ្យនិយោជកផ្អាក ការអនុវត្តបើកប្រាក់រំលឹក អតីតភាពការងារមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ការងារឆ្នាំ២០២០ ដល់កម្មករ ដោយបង្វែងឲ្យទៅបើកនៅឆ្នាំ២០២១វិញ ។

ចំណុចនេះត្រូវបានលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា ប្រាប់ថា គឺបានបង្កការ លំបាកឲ្យកម្មករទៅវិញ។

លោកបានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មេដឹកនាំសហជីពបានរួមគ្នា ដាក់ញ្ញត្តិ នៅក្រសួងដោយសារឃើញទុក្ខលំបាក របស់កម្មករ ក្នុងពេលជួបវិបត្តិកូវីដ១៩ ជួបបញ្ហាខ្វះខាតថវិកា ក្នុងការចំណាយលើអ្វីផ្សេងៗ ជាពិសេសបំណុលជាមួយធនាគារតែម្តង។

លោកបន្តថា ក្នុងប្រកាសរបស់ក្រសួង គឺបានលើកទឹកចិត្តឲ្យនិយោជក ខណៈកម្មករកំពុងជួបបញ្ហារឿងហិរញ្ញវត្ថុ។

មេសហជីពរូបនេះបន្ថែមថា “ក្រសួងការងារ គួរពិចារណាឡើងវិញ ចំពោះសេចក្តីប្រកាសរបស់ខ្លួន ក្នុងគោលបំណងឲ្យភាគីកម្មករ ទទួលបានថវិកា ដែលគ្រោងនឹងបើកក្នុងខែនេះ សម្រាប់កម្មករទាំងអស់ មិនថាអ្នកព្យួរការងារទេ អ្នកដែលកំពុងធ្វើការងារ ព្រោះពួកគាត់កំពុងទន្ទឹងបើកប្រាក់នេះ”។

លោកថា ជាការឆ្លើយតបខាងក្រសួង ការងារ នឹងយកសំណើនេះដើម្បីជម្រាបលោក អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ ហើយថានឹងតបមក ពេលក្រោយវិញ៕

To Top