ព័ត៌មានជាតិ

វិភាគ ៖ ចិនចូលជាសមាជិក សន្ធិសញ្ញាពាណិជ្ជកម្ម សព្វាវុធ ក្រោយពីអាមេរិក ដកខ្លួនចេញ

បច្ចុប្បន្នភាព
អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Geng Shuang បានប្រកាសកាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះថា គណៈកម្មការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន បានអនុម័តរួចហើយ ក្នុងការដាក់បញ្ចូលប្រទេសនេះ ទៅក្នុងសន្ធិសញ្ញាពាណិជ្ជកម្ម សព្វាវុធ Arm Commercial Treaty ដែលហៅកាត់ថា ACT ។

ការបញ្ចូលខ្លួន របស់ប្រទេសចិន ទៅក្នុងសន្ធិសញ្ញា ពាណិជ្ជកម្មសព្វាវុធនេះ ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតី របស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេច ដកអាមេរិក ចេញពីសន្ធិសញ្ញានេះ កាលពីឆ្នាំ២០១៩កន្លងទៅ ក្រោយពីអតីតប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា បានដាក់បញ្ចូលអាមេរិក ទៅក្នុងសន្ធិសញ្ញានេះ ។

សន្ធិសញ្ញាពាណិជ្ជកម្មសព្វាវុធ ACT ត្រូវបានអនុម័ត ដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ និងបានចូលជាធរមាន កាលពីឆ្នាំ២០១៤ កន្លងទៅ ដោយគិតមកទល់នឹងឆ្នាំ២០១៩ មានប្រទេសចំនួន១០៥ ប្រទេស បានផ្តល់សច្ចាប័ន ក្នុងចំណោមប្រទេស ហត្ថលេខីជាង១៣០ប្រទេស ។

ខ្លឹមសារគោល នៃសន្ធិសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មសព្វាវុធនេះ ប្រទេសហត្ថលេខីទាំងអស់ នៅលើពិភពលោក មានកាតព្វកិច្ចត្រូវផ្ទៀងផ្ទាត់ និងធានាថាពាណិជ្ជកម្មសព្វាវុធ របស់ខ្លួន គ្មានហានិភ័យជាប់ពាក់ព័ន្ធ នឹងការពង្វាងទណ្ឌកម្មអន្តរជាតិ ឬការពង្វាងលក់ ទៅឱ្យពួកឧក្រិដ្ឋជន ឬក្រុមប្រព្រឹត្តអំពើហិង្សា រំលោភសិទ្ធិមនុស្ស ។

គ្រឿងសព្វាវុធ ដែលអាចធ្វើពាណិជ្ជកម្មបាន ដែលមានចែងក្នុងសន្ធិសញ្ញានេះ មានរាប់តាំងពីប្រភេទ កាំភ្លើងខ្លីធម្មតា រហូតដល់យន្តហោះ និងនាវាចម្បាំង កាំភ្លើងធុនធ្ងន់ ព្រមទាំងអាវុធមីស៊ីលទៀតផង ហើយសហរដ្ឋអាមេរិក គឺជាប្រទេសជាប់លេខ១នៅលើពិភពលោក ដែលលក់អាវុធច្រើនជាងគេ បន្ទាប់មកប្រទេសចិនជាប់លំដាប់ថ្នាក់លេខ២ និងប្រទេសរុស្ស៊ី ជាប់លំដាប់ថ្នាក់លេខ៣ ដែលលក់អាវុធច្រើនជាងគេ ។

ដើមចមនាំអោយកើតរឿង

បើតាមរបាយការណ៍ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព អន្តរជាតិ ហៅកាត់ថា Sipri បានអោយដឹងថា ចិនជាប់ឈ្មោះជាប្រទេស អ្នកផលិតអាវុធលំដាប់ទីពីរ នៅលើពិភពលោក ក្នុងរយៈពេលជាង កន្លះទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីសហរដ្ឋអាមេរិក ហើយឧស្សាហកម្មផលិត អាវុធរបស់ប្រទេសចិន កាន់តែរីកចម្រើនថែមទៀត ។

សហរដ្ឋអាមេរិក ដែលប្រទេសអ្នកផលិត និងលក់អាវុធលំដាប់លេខមួយ លើពិភពលោក ក្រោមការដឹកនាំ របស់លោកបារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាភ្ជាប់ខ្លួន ទៅនឹងសន្ធិសញ្ញា ស្តីពីពាណិជ្ជកម្មអាវុធដែរ ប៉ុន្តែមិនដែលបានផ្តល់សច្ចាប័នទេ ហើយលោក ត្រាំ យល់ថា ការដាក់បញ្ចូលអាមេរិកទៅក្នុងសន្ធិសញ្ញានេះ មិនមានប្រយោជន៍ទេ ។

សន្និដ្ឋាន៖ តើចិនមានប្រយោជន៍អ្វីខ្លះ ក្នុងការចូលជាសមាជិក សន្ធិសញ្ញាពាណិជ្ជកម្មសព្វាវុធនេះ ?

ប្រយោជន៍ដែលប្រទេសចិន នឹងទទួលបាននៅពេលខាងមុខពីសន្ធិសញ្ញានេះ គឺការរួមកម្លាំងគ្នា ជាមួយប្រទេសជាង១០០ផ្សេងទៀត ដែលជាប្រទេសហត្ថលេខី ដើម្បីត្រួតពិនិត្យ ឬផ្ទៀងផ្ទាត់គ្រឿងសព្វាវុធនានា ដែលត្រូវបានធ្វើពាណិជ្ជកម្ម ហើយចិនក៏ជាប្រទេសមានឥទ្ធិពលជាងគេផងដែរ ក្នុងសន្ធិសញ្ញានេះ ដោយសារគ្មានអាមេរិក ។

មិនត្រឹមតែសន្ធិសញ្ញាពាណិជ្ជកម្ម សព្វាវុធនេះទេ ដែលចិនបានចូលខ្លួនជាក្រុមជាមួយប្រទេសដទៃទៀត នៅជុំវិញពិភពលោក សូម្បីតែអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការសុខភាពពិភពលោកជាដើម ក៏ចិនកំពុងមានឥទ្ធិពលដែរ ។

ផលប៉ះពាល់

ក្រុមអ្នកជំនាញខាងនយោបាយ អន្តរជាតិ និងភេរវនិយម បាននិយាយថា ផលប៉ះខ្លាំងដល់ពិភពលោក ពីការធ្វើពាណិជ្ជកម្មសព្វាវុធនេះ គឺសព្វាវុធគ្រប់ប្រភេទ មានមីស៊ីលជាដើម ដែលត្រូវបានលក់ អាចធ្លាក់ដល់ដៃក្រុមភេរវជននៅពេលខាងមុខ ហើយក្រុមភេរវជន ក៏អាចយកគ្រឿងសព្វាវុធទាំងនោះ មកវាយប្រហារលើប្រទេស អ្នកផលិតវិញផងដែរ ៕

ដោយ៖ អ៊ិន ជិន

To Top