ព័ត៌មានជាតិ

លោក លី ឆេង ៖ អភិវឌ្ឍចំណេះដឹងខ្លួនឯង អនុវត្តជាក់ស្តែង ឱ្យទាន់សម័យឌីជីថល

ភ្នំពេញ ៖ ការសិក្សា តាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) គឺជារបត់ថ្មីមួយ សម្រាប់ឱ្យក្មួយៗ ហាត់ពត់លត់ដំ និងសម្របខ្លួនទៅ នឹងការសិក្សា តាមបច្ចេកវិទ្យាថ្មី ក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ១៩ (COVID-19) ដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូល មិនធ្លាប់ជួបប្រទះ នាពេលកន្លងមក ។ បរិបទថ្មីនេះ បានបង្រៀនឱ្យក្មួយៗ ជាសិស្សានុសិស្សទាំងអស់ ចេះអភិវឌ្ឍចំណេះដឹងខ្លួនឯង ដើម្បីរត់ឱ្យទាន់សម័យឌីជីថល (Digital Era) ។

អ៊ំ ក៏សូមកោតសរសើរ ចំពោះក្មួយៗ ជាសិស្សានុសិស្សទាំងអស់ ទាំងផ្នែកចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រ តាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ជាធម្មតានៅតាមផ្ទះ ឬកន្លែងផ្សេងៗ ដោយមិនរង់ចាំការរៀន នៅក្នុងថ្នាក់តែមួយមុខ ដែលនាំឱ្យខាតពេលវេលា ខាតឆ្នាំសិក្សា ព្រោះយើងមិនដឹងថា COVID-19 នេះ នឹងបញ្ចប់នៅពេលណាឡើយ ។ ដើម្បីឆ្លើយតបទៅ នឹងស្ថានភាពបែបនេះ ចាប់តាំងពីថ្ងៃទី១៧ មីនាមក សាលាបានរៀបចំ មធ្យោបាយបង្រៀនថ្មី (Teaching Platforms) ភ្លាមៗតាមប្រព័ន្ធអេឡិចត្រូនិក រួមមាន៖ Telegram, Zoom និង Google Classroom ហើយមធ្យោបាយទាំងអស់នេះ តម្រូវឱ្យមានអ៊ីនធើណេត (Internet) និងសម្ភារបង្រៀន និងរៀនគ្រប់គ្រាន់ ព្រមទាំងធនធានមនុស្ស ដែលមានសមត្ថភាព ខាងបច្ចេកវិទ្យាគ្រប់គ្រាន់ ដើម្បីដំណើរការផងដែរ ។

ទោះបីជាមានការលំបាកខ្លះៗ តាមប្រព័ន្ធខាងលើ ដែលពីមុនមកក្មួយៗ មិនធ្លាប់បានជួបប្រទះ នូវស្ថានភាពបែបនេះក៏ដោយ ក៏ក្មួយៗមិនត្រូវបោះបង់ចោល ការសិក្សាជាដាច់ខាត ហើយអ៊ំសូមលើកទឹកចិត្ត ឱ្យក្មួយៗទាំងអស់ជំនះ ឱ្យបាននូវការលំបាកទាំងអស់នេះ និងបន្តខិតខំសិក្សារៀនសូត្រ សម្រាប់ត្រៀមប្រឡង ឆមាសលើកទី២ និងប្រឡងថ្នាក់ជាតិ នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីឱ្យក្មួយៗ បានប្រឡងជាប់គ្រប់ៗគ្នា និងបន្តការសិក្សានៅថ្នាក់ បន្ទាប់ទៀតក្នុងឆ្នាំសិក្សាថ្មី ដែលនឹងបើកបវេសនកាល (តាម Online ឬសិក្សាក្នុងថ្នាក់) នៅដើមខែកញ្ញាខាងមុខនេះ ។

ទន្ទឹមគ្នានេះដែរ ដើម្បីជាជំនួយបន្ថែម សាលាក៏បានបង្កើត App ដែលមានឈ្មោះថា BELTEI International School APP សម្រាប់ជួយឱ្យក្មួយៗ ធ្វើការសិក្សាបន្ថែមនៅផ្ទះ និងអាចសិក្សាបានគ្រប់ទីកន្លែង គ្រប់ពេលវេលា តាមរយៈតំណភ្ជាប់ (Link) ខាងក្រោម៖ http://onelink.to/e5593v ។

អ៊ំ ក៏សូមជម្រាបក្មួយៗផងដែរថា នាពេលអនាគតសាលា ប៊ែលធី អន្តរជាតិរបស់យើង នឹងប្រើប្រាស់វិធីសាស្ត្របង្រៀន ៣ ធំៗ (3 Teaching Approaches) គឺ៖
១-On-Campus Learning គឺជាការរៀនផ្ទាល់នៅក្នុងថ្នាក់។
២-Online Learning គឺជាការរៀនតាមអនឡាញ ដោយប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដូចការបង្រៀនបច្ចុប្បន្ន។
៣-Blended Learning គឺជាវិធីសាស្ត្ររៀនបញ្ចូលគ្នា ទាំងការរៀននៅក្នុងថ្នាក់ផ្ទាល់ និងការរៀនតាមអនឡាញ។

អ៊ំសូមជូនពរឱ្យក្មួយៗ ទាំងអស់ប្រឡងជាប់ និងបន្តការសិក្សានៅថ្នាក់ បន្ទាប់ប្រកបដោយជោគជ័យគ្រប់ៗគ្នា ៕

To Top