ព័ត៌មានជាតិ

ជប៉ុនស្នើកម្ពុជា បន្ធូរបន្ថយវិធានការ លើមន្រ្តីរបស់ខ្លួន ចំពោះកូវីដ-១៩

ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា បានស្នើឲ្យកម្ពុជា ពិចារណាលើការ បន្ធូរបន្ថយ វិធានការ និងការបង្ការមេរោគកូវីដ-១៩ ចំពោះមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុនដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ 

ក្នុងជំនួបពិភាក្សាការជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក MIKAMI Masahiro មានប្រសាសន៍ថា «ស្នើឲ្យ ឯកឧត្តមទេសរដ្ឋមន្ត្រី ពិចារណាលើការបន្ធូរបន្ថយចំពោះវិធានការ និងការបង្ការ មេរោគ កូវីដ-១៩ ចំពោះមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុន ដែលត្រូវមកបំពេញការងារ លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

លោក៏បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពអាចគ្រប់គ្រង និងបង្ការការរាតត្បាត មេរោគកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ដោយគិតរហូត មកទល់ ពេលនេះ កម្ពុជាទទួលបានតែករណីនាំចូលពីខាងក្រៅប៉ុណ្ណោះ។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានជម្រាបជូន ឯកអគ្គរដ្ឋទូតជប៉ុន និងគណៈប្រតិភូថា បញ្ហានេះ ទៅក្រសួងសុខាភិបាល ដើម្បីពិចារណាលទ្ធភាព បន្ធូរបន្ថយចំពោះ ការអនុវត្តវិធានការ និងការបង្ការ មេរោគ កូវីដ-១៩ នៅកម្ពុជា ដើម្បីឲ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេស ជប៉ុនអាចមកបំពេញ ការងារនៅកម្ពុជាដោយគ្មានភាពរាំងស្ទះ។ 

ក្នុងជំនួបពិភាក្សាការងាររវាង រដ្ឋមន្ត្រីក្រសួងសាធារណការ និងឯកអគ្គរដ្ឋទូត ជប៉ុន មានគោលបំណងពិភាក្សា អំពីផលប៉ះពាល់នៃមេរោគ កូវីដ-១៩ ទាក់ទងនឹងការអនុវត្ត គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា ការផ្លាស់ប្ដូរទស្សនទៅវិញទៅមក ស្ដីពី ផលប៉ះពាល់មេរោគកូវីដ-១៩ លផការអនុវត្តគម្រោងរបស់សាធារណរដ្ឋប្រជាមានិតចិន និងរបាយការណ៍ពីភាគីជប៉ុនទាក់ទងនឹង គម្រោងកំពង់ផែក្រុងព្រះសីហនុ ផងដែរ។

សូមរំលឹកថា រហូតដល់ពេលនេះកម្ពុជារកឃើញអ្នកជំងឺ កូវីដ-១៩ សរុបចំនួន ១៤១នាក់ ក្នុងនោះ មានអ្នកព្យាបាលជាសះស្បើយសរុបចំនួន១៣០នាក់ ខណៈអ្នកដែលកំពុង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន១១នាក់ ៕ ដោយ អេង ប៊ូឆេង

To Top