ព័ត៌មានជាតិ

កូវីដ១៩​ ៖ រដ្ឋមន្រ្តីទេសចរណ៍ អះអាងថា គិតពីខែឧសភា មានអាជីវកម្ម បិទទ្វារជិត៣ពាន់ ប៉ះពាល់បុគ្គលិកជាង៤ម៉ឺននាក់

ភ្នំពេញ៖ លោកថោង ខុនរដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានអះអាងថា ការរីករាលដាលនៃកូវីដ១៩ បានបង្កឲ្យមានការប៉ះពាល់យ៉ាងច្រើន ដល់ប្រតិបត្តិករទេសចរណ៍ ជាក់ស្តែង គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្ន សរុបចំនួន២ ៩៥៦ទីតាំង និងធ្វើឲ្យបុគ្គិលចំនួន ៤៥.៤០៥នាក់គ្មានការងារធ្វើ។

ក្នុងពិធីប្រកាសដាក់ ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិដល់មូលដ្ឋានអាជីវកម្ម នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ថោង ខុន បានថ្លែងថា
ទោះបីជាវិស័យ ទេសចរណ៍កម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំង ពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ តែសង្កេតឃើញ នូវសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក។

លោកបញ្ជាក់ថា ក្នុងរយៈពេល៣សប្តាហ៍ នៃខែមិថុនានេះ មានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ ចេញដើរទស្សនា នៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧,២៤% ធៀបនឹងរយៈពេល០៣សប្តាហ៍ នៃខែឧសភា កន្លងមក។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុក នៅតែបន្តកើនឡើងជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសាមកម៉្លេះ។

លោកបន្ថែមថា ដោយឡែកសម្រាប់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧៥.៧៥០នាក់ ថយចុះ -៤៦,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ” ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្ករផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ជាក់ស្តែង គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប២. ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ សរុប ៤៥.៤០៥នាក់”។

ក្នុងឱកាសនោះលោកបញ្ជាក់ថា ចំនួនអាជីវកម្មបានបិទ និងផ្អាកបណ្តោះអាសន្ន ដោយសារបញ្ហាវិបត្តិកូវីដ-១៩ នៅរាជធានីភ្នំពេញ មានតែ១២៤ទីតាំង ស្មើនឹងប្រមាណ ១០.៤៣% នៃចំនួនសរុបទូទាំងប្រទេស និងប៉ះពាល់ការងារផ្ទាល់ ក្នុងវិស័យសរុបចំនួន១.៩៦០នាក់ ស្មើនឹង ៩,៣៣% នៃចំនួនបុគ្គលិកក្នុងវិស័យ ទេសចរណ៍សរុបទូទាំងប្រទេស (តួលេខនេះមិនគិតបញ្ចូល សេវាកម្មកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ និងសេវាកម្មស្ប៉ានិងម៉ាស្សាដែលត្រូវបានសម្រេចឱ្យផ្អាកដោយរាជរដ្ឋាភិបាល)។

លោកថា ការបាត់បង់ការងារនេះ បានធ្វើឱ្យមានការជះឥទ្ធិពលយ៉ាងខ្លាំង ទៅដល់វិស័យសេដ្ឋកិច្ច និងសង្គមជារួមតាមរយៈឥទ្ធិពល ដែលលើសពីឥទ្ធិពលអវិជ្ជមាននៅក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ជាសកល។

លោកសន្និដ្ឋានថា ចលនាទេសចរក្នុងស្រុក នឹងមានកំណើនឡើងវិញលឿនជាង ការត្រឡប់មកវិញ នូវភ្ញៀវទេសចរអន្តរជាតិ ដរាបណាវិធានការ រឹតបណ្តឹង ដែលពាក់ព័ន្ធនឹងការ ធ្វើដំណើរនៅតែបន្ត។

លើសពីនេះទៀតលោកបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងបានទទួលព័ត៌មាន អំពីគោលបំណង បើកឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅតាមបណ្តាប្រទេសមួយចំនួន រីឯប្រទេសខ្លះ ក៏បានសម្រេចឱ្យបើករួចទៅហើយ តែក៏បានសម្រេចឱ្យបិទទៅវិញភ្លាមៗ បន្ទាប់ពីមានការចម្លងថ្មីកើតឡើងវិញ៕

ដោយ៖ធី លីថូ

To Top