ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ប៉ែន វិបុល ប្រាប់ឲ្យ មន្ត្រីនគរបាល ថែរក្សាសុខភាព និងសេចក្តីថ្លៃថ្នូរ

កំពង់ចាម ៖ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់តំណែង និងបំពាក់ឋានន្តរស័កដល់ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម នារសៀលថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាន នាយកដ្ឋានបុគ្គលិក បានមានប្រសាសន៍ ប្រាប់ឲ្យមន្ត្រីនគរបាល ថែរក្សាភាពថ្លៃថ្នូរ និងថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ19 ។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានមានប្រសាសន៍បន្តថា បញ្ហាជំងឺកូវីដ19 រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានប្រទេសណាបាន រកឃើញថ្នាំវ៉ាក់សាំងនៅឡើយទេ ដូច្នេះ សូមកុំឲ្យមាន ការធ្វេសប្រហែស ពោលគឺត្រូវតែបន្តថែរក្សាសុខភាព ដើម្បីការពារជំងឺកូវីត19 នេះបន្តទៀត ដោយអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ។

បន្ទាប់ពីរបានបំពាក់ឋានន្តរសក្កិ ជូនមន្ត្រីនគរបាលប្រមាណជាង ៣០០ នាក់ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ផ្ដាំផ្ញើ សូមឲ្យមន្ត្រីនគរបាលទាំងអស់ ខិតខំប្រឹងប្រែងធ្វើការ ឲ្យបានប្រសើរជាងមុន បន្ទាប់ពីទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ពិសេសគឺការរៀបចំថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ។

លោកអភិបាលខេត្ត បានថ្លែងរំលឹកដែរថា កន្លងទៅនេះ ប្រជាពលរដ្ឋ មានការគាំទ្រទៅលើកិច្ចការរបស់កម្លាំងសមត្ថកិច្ចយើង ដែលបានខិតខំបំពេញតួនាទី ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាការបម្រើសេវាផ្សេងៗ ដោះស្រាយជូនពួកគាត់បានល្អប្រសើរ ។

To Top