ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្ដសហការជាមួយ អង្គការសុខភាពពិភពលោក ដើម្បីប្រយុទ្ធ ប្រឆាំងជំងឺ កូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាល កម្ពុជា ប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការល្អ ជាមួយនឹងស្ថាប័នរបស់ អង្គការសហប្រជាជាតិ ជាពិសេស អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង នឹង ជំងឺឆ្លងកូវីដ-១៩ សំដៅលុបបំបាត់ជំងឺនេះទាំងស្រុង ។

យោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានឲ្យ ដឹងថា បើពិនិត្យជារួម ការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រង សភាពការណ៍បានល្អប្រសើរ ហើយសង្គមជាតិទាំងមូលនៅតែបន្តតស៊ូប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាតជំងឺកូវីដ-១៩នេះ។

សម្ដេចតេជោ មានប្រសាសន៍ថា «ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តបន្តកិច្ចខិត ខំប្រឹងប្រែង និងពង្រឹងកិច្ចសហការល្អ ជាមួយនឹងស្ថាប័នរបស់អង្គការសហប្រជាជាតិ និង ប្រទេស ជារដ្ឋភាគីទាំងអស់ ជាពិសេស អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង នឹង ជំងឺឆ្លងកូវីដ-១៩ សំដៅលុបបំបាត់ទាំងស្រុង ជំងឺកូវីដ-១៩ និងការពារ សុខុមាលភាព របស់ប្រជាជនកម្ពុជា ក៏ដូចជា ប្រជាជនក្នុងពិភពលោក»។

ផ្ទាំងពាណិជ្ជកម្ម

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ជាពិសេសមន្ត្រីសុខាភិបាល ជួរមុខ ដែលបានចូលរួមគាំទ្រ និងរួមចំណែកជាមួយនឹងរាជ រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

បន្ថែមពីនេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះអង្គការសហប្រជាជាតិ ជាពិសេស អង្គការសុខភាពពិភពលោក និងបណ្ដាប្រទេស ជាមិត្តទាំងអស់ ដែលបានគាំទ្រដល់កម្ពុជា ទាំងស្មារតី ទាំង សម្ភារៈសុខាភិបាល និងវិធីសាស្ដ្រព្យាបាល និងទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាពិសេស សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលបានគាំទ្រ ដល់ប្រជាជនកម្ពុជា នៅក្នុងស្ថានភាពដ៏លំបាកនេះ៕ដោយ អេង ប៊ូ ឆេង

To Top