ព័ត៌មានជាតិ

អាណោច អាធ័មបំផុត ! ស្ត្រីម្នាក់​ ត្រូវរថយន្តកិនខ្ទេចខ្លួន នៅលើដងផ្លូវ

ភ្នំពេញ ៖ គួរឲ្យអាសូរ ស្ត្រីជាអ្នកលក់មាន់ ត្រូវរថយន្តបាញ់ស៊ីម៉ង់ត៍ បុកពីក្រោយកិនខ្ទេចខ្លួនប្រាណ កាលពីវេលាម៉ោង ៩នឹង៤០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តាយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទបាញ់ស៊ីម៉ង់ត៍បេតុង ពាក់ផ្លាកលេខ ភ្នំពេញ 5A.2423 បើកដោយឈ្មោះ សម្បត្តិ ខុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើករថយន្តឲ្យក្រុមហ៊ុនដ្រាហ្គនស៊ីធី មានស្រុកកំណើត នៅភូមិចាក់ត្រាំង ឃុំក្រវ៉ាញ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិពាំងរាំង ខណ្ឌសែនសុខ ។ ចំណែកម៉ូតូររងគ្រោះ ម៉ាកហុនដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1J-1061 ជិះដោយស្ត្រីរងគ្រោះឈ្មោះ ហុង ឆៃណា អាយុ៣៥ឆ្នាំ ស្រុកកំណើត នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានកូនប្រុស ចំនួន៣នាក់ ក្នុងបន្ទុក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ ស្ត្រីរងគ្រោះ រួមជាមួយប្តី ជិះម៉ូតូម្នាក់មួយ ដឹកមាន់ជាច្រើនក្បាលពីក្រោយ ។ លុះមកដល់ចំណុចស្តុបផ្ទះស្រាបៀរ បានឈប់រង់ចាំស្តុប ស្របពេលនោះ ក៏រថយន្តបង្កមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ បានជ្រុលទៅបុកគូទម៉ូតូ និងកិនស្ត្រីជនរងគ្រោះ បណ្ដាលឲ្យខ្ទេចសុះសាច់ មើលលែងយល់ ដាច់ខ្លួនជា២កំណាត់។

នេះជាករណីថ្មីបន្តទៀត សម្រាប់រថយន្តធុនធំ ដែលបើកបរ លើដងផ្លូវ គួរតែមានការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវនូវប្រព័ន្ធបច្ចេកទេស រថយន្ត ព្រោះរថយន្តប្រភេទទាំងនេះ តែងតែមានករណីបើកលឿន ហើយគ្រប់គ្រងល្បឿនមិនបាន ទើបបណ្ដាលឱ្យ ដាច់ហ្វ្រាំង ឬ ជាន់ហ្វ្រាំងមិនស៊ី ជាហេតុបង្កគ្រោះថ្នាក់ ដល់អ្នកដទៃឲ្យមានអ្នករងរបួស និងស្លាប់ជាដើម ៕

To Top