ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មកទល់ពេលនេះ ពលរដ្ឋខ្មែរវិលត្រឡប់ មកស្រុកកំណើតវិញ ជាង១០ម៉ឺននាក់

ភ្នំពេញ ៖លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស មានប្រសាសន៍ថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរវិល ត្រឡមកប្រទេសកម្ពុជាវិញ ជាង១០ម៉ឺននាក់ ហើយការវិលត្រឡប់មកវិញនេះ ដោយសារជំងឺកូវីដ-១៩ បានរីករាលដាលពេញសាកលលោក ធ្វើឲ្យមានការបិទប្រទេសជាដើម។

ក្នុងកិច្ចប្រជុំជាន់ខ្ពស់ រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពី កម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ-១៩ មិនទាន់បានស្ងប់ស្ងាត់នៅឡើយទេ ហើយប្រទេសជិតខាងក្នុងតំបន់ នៅតែបន្ដឆ្លងជំងឺកូវីដ-១៩ ជាពិសេស បន្ដរឹតត្បិតក្នុងការបិទព្រំដែន និងកាត់បន្ថយចរាចរណ៍ផលិតផល ដែលជាប្រភពនៃសេដ្ឋកិច្ចរបស់ខ្លួន។

លោកស្រីបន្ដថា រោងចក្រសហគ្រាស និងអាជីវកម្មជាច្រើន ត្រូវបានផ្អាក ដែលធ្វើឲ្យពលករបាត់បង់ការងារ និងបានរុញច្រាន ឲ្យពលករទេសន្ដរប្រវេសន៍មួយចំនួន សម្រេចចិត្តវិលត្រឡប់ មកស្រុកទេសរបស់ខ្លួនវិញ ទោះបីជាប្រឈមនឹងការហាមឃាត់ និងបិទព្រំដែនក៏ដោយ។

លោកស្រី មានប្រសាសន៍ថា «គិតចាប់ពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២០ ក្រោយការប្រកាសបិទព្រំដែន របស់រាជរដ្ឋាភិបាលថៃ មកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយៈពេល៣ខែ ១៥ថ្ងៃ មានប្រជាពលរដ្ឋកម្ពុជា ដែលវិលត្រឡប់ពីការធ្វើទេសន្ដរប្រវេសន៍ នៅក្រៅប្រទេស ជាពិសេស ប្រទេសថៃ សរុបចំនួន ជាង១០០.៥៦៨នាក់»។

ឆ្លៀតឱកាសនោះដែរ លោកស្រី លើកឡើងថា ក្នុងទស្សនវិស័យរួម នៃការឆ្លើយតប ទៅនឹងវិបត្តិការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច និងសង្គមជាសាកល អង្គការសហប្រជាជាតិ នៅកម្ពុជា បានចូលរួមគាំទ្រ ការអនុវត្តផែនការជាតិ របស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតប ទៅនឹងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ដោយផ្ដោតលើការទប់ស្កាត់ការចម្លង និងការឆ្លងក្នុងចំណោមក្រុម ប្រជាពលរដ្ឋ ដែលទើបនឹងវិលត្រឡប់ ពីការធ្វើទេសន្ដប្រវេសន៍ ដែលអាចបង្កើតស្ថានភាព រាលដាលទ្រងទ្រាយធំ នៅតាមសហគមន៍ និងរក្សាស្ថានភាព នៃការរស់នៅប្រកបដោយស្ថេរភាព នឹងភាពចុះសម្រុង ជាមួយសហគមន៍មូលដ្ឋាន ក្នុងតំណាក់កាល នៃធ្វើសមាហរណកម្ម៕ ដោយ៖ អេង ប៊ូ ឆេង

To Top