ព័ត៌មានជាតិ

ត្រឹមថ្ងៃ២០ កក្កដា បើកប្រាក់ឧបត្ថម្ភ ឲ្យពលរដ្ឋក្រីក្រ និងងាយរងគ្រោះ អំឡុងពេលកូវីដ-១៩ បានជាង៥៣ម៉ឺនគ្រួសារ

ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ការបើកប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ អំឡុងពេលជំងឺ កូវីដ-១៩ បានជាង៥៣ម៉ឺនគ្រួសារ លើប្រមាណ៥៦ម៉ឺនគ្រួសារ។ យោងតាមគេហទំព័ហ្វេសប៊ុក ក្រសួងសង្គមកិច្ច។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ។

ក្នុងសិក្ខាសាលាស្តីពី នីតិវិធី និងដំណើរការ នៃការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០លោក វង សូត មានប្រសាសន៍ថា «គិតត្រឹមថ្ងៃទី២០ កក្កដា នេះ ការបើកប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពជា បានចំនួនប្រមាណ ជា៥៣ម៉ឺនគ្រួសារ លើប្រមាណ៥៦ម៉ឺនគ្រួសារ»។

លោកក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ក៏ដូចជា អាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន នៅសេសសល់ ដែលមិនទាន់បានបើកប្រាក់ សូមអញ្ជើញរួសរាន់មកបើកឲ្យបាន មុនថ្ងៃកំណត់ សម្រាប់ជុំទី១នេះ ដែលបានអនុវត្ដ ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

លោកបន្ថែមថា ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ដែលធ្លាប់បានបើករួចហើយនៅខែមិថុនា(ជុំទី១) សូមអញ្ជើញទៅបើកជុំទី២ នៅថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលនេះជាការបើកក្នុងខែទី២ (ជុំទី២) របស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមបណ្តាភ្ងាក់ងារវីងតែម្តង មិនចាំបាច់ទៅឃុំ សង្កាត់ទៀតទេ។

សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់៕ ដោយ៖ អេង ប៊ូឆេង

To Top