ព័ត៌មានជាតិ

ស្វីស ប្រកាសផ្ដល់ជំនួយ ក្នុងដំណាក់កាលទី២ សម្រាប់អភិវឌ្ឍន៍ ជំនាញនៅកម្ពុជា

ភ្នំពេញ ៖ ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ បានប្រកាស នឹងផ្តល់ជំនួយ ក្នុងដំណាក់កាលទី២ នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)
នៅកម្ពុជា ចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២៤ ។

កម្មវិធីនេះនឹងអនុវត្តដោយ ស្វីសខន់ថាក់ និង INBAS សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងក្រសួងទេសចរណ៍ (MoT)។

នេះបើយោងតាមការអះអាងរបស់លោកស្រី Nadia Ottiger អនុប្រធានកិច្ចសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក្នុងពិធីប្រកាស ដាក់ឲ្យដំណើរ កម្មវិធីអភិវឌ្ឍជំនាញ (SDP)ដំណាក់កាលទី២ (២០២០-២០២៤)នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

គោលបំណងរួម នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដើម្បីបង្កើនឱកាសការងារសមរម្យ និងប្រាក់ចំណូល ដល់យុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាប។

លោកស្រីបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី២ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ដែលមានថវិកាសរុប ៨.៣ លានហ្វ្រង់ស្វីស សម្រាប់ផែនការអនុវត្តរយៈពេល៤ឆ្នាំ។

លោកស្រីសង្កត់ធ្ងន់ថា ជាក់ស្ដែងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី១ បានគាំទ្រយុវជនងាយរងគ្រោះអោយមាន ឱកាសរកប្រាក់ចំណូល និង ឱកាសការងារ ព្រមទាំងបានចូលរួមចំណែក លើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការសម្របសម្រួលល្អ ប្រកបដោយគុណភាព ភាពពាក់ព័ន្ធ និងបរិយាប័ន្ននៅទូទាំងប្រទេស។កម្មវិធីបានចាប់ផ្តើមអនុវត្តពីឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០២០ ក្នុងខេត្តគោលដៅចំនួនបីគឺ ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។

ក្នុងឱកាសនោះ លោកស្រីអនុប្រធានកិច្ចសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ រំពឹងថា តាមរយៈប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជានឹងបានគាំទ្រអោយ កាន់តែមានប្រសិទ្ធភាពជាងមុន នៅក្នុងខេត្តគោលដៅ និង យុវជនងាយរងគ្រោះ និងបុគ្គលិក ដែលមានជំនាញទាប នឹងបង្កើនលទ្ធភាពមានឱកាសការងារ និងប្រាក់ចំណូលសមរម្យ តាមរយៈការផ្តល់ជំនាញបច្ចេកទេស ជំនាញទន់ និងជំនាញសហគ្រិនភាព។

សូមបញ្ជាក់ថា យុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាបប្រមាណ ៥.០០០នាក់ នឹងទទួលអត្ថប្រយោជន៍ដោយផ្ទាល់ ពីការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈប្រកបដោយគុណភាព និងការផ្សារភ្ជាប់ពួកគេទៅនឹងកន្លែងការងារ ។ យុវជនងាយរងគ្រោះជិត ៧.០០០នាក់ នឹងទទួលបានការបណ្តុះបណ្តាល ដោយប្រយោល តាមរយៈគ្រឹះស្ថាន បណ្តុះបណ្តាល តាមបណ្តាខេត្តនានា ខណៈកម្មវិធីអភិវឌ្ឍន៍ជំនាញផ្តោតកាន់តែខ្លាំង លើកម្រិតស្ថាប័ន និងនិរន្តរភាព ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។

អ្នកទទួលផលជាង ៩០០នាក់ ជាគ្រូបង្គោល បុគ្គលិក និងអ្នកគ្រប់គ្រង មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងស្ថាប័នបណ្តុះបណ្តាលក្នុងតំបន់ នឹងទទួលបាន អត្ថប្រយោជន៍ពីការកសាងសមត្ថភាព ទៅតាមជំនាញរៀងៗខ្លួន ៕ ដោយ៖ធី លីថូ

To Top