ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អនុញ្ញាតឲ្យអនុព័ន្ធ យោធា ហ្វីលីពីនថ្មី ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូច លេច៧០ នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកវរៈសេនីយ៍ឯក សាលីម៉ារ អ៊ីមភើរាល ( SHALIMAR IMPERIAL ) អនុព័ន្ធយោធាហ្វីលីពីនថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានស្វាគមន៍ ចំពោះបេសកកម្មការទូតលោកសាលីម៉ារ អ៊ីមភើរាល នៅកម្ពុជា ហើយសង្ឃឹមថា ប្រទេសទាំង២ពិតជាមានកិច្ចសហការល្អ ជាមួយគ្នា។

លោកមេបញ្ជាការកងពល បានរំលឹកពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ហ្វីលីពីន ដែល មានចាប់តាំងពីឆ្នាំ១៩៥៧ ហើយត្រូវផ្តាច់នៅឆ្នាំ១៩៧៥ ដោយសារកម្ពុជាធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយទើបតែក្នុងឆ្នាំ១៩៩២ ប្រទេសទាំងពីរ ក៏បានចាប់ផ្តើមមានទំនាក់ទំនង ជាមួយគ្នាឡើងវិញ និងបានរៀបចំប្រារព្ធ ខួបលើកទី៦០ឆ្នាំ នៃថ្ងៃភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីន ផងដែរ។

ពាក់ព័ន្ធលើវិស័យការពារជាតិ លោកឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា កន្លងមកក្នុងឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសទាំងពីរ បានចុះអនុសារណៈជាមួយគ្នា ដើម្បីពង្រឹងវិស័យ ការពារជាតិ។

ដោយឡែកនៅឆ្នាំ២០១៩ កងពលតូចលេខ៧០ ក៍បាន រៀបចំប្រតិភូទៅទស្សនកិច្ច នៅហ្វីលីពីន ដើម្បីបញ្ជាក់ ពីទំនាក់ទំនងល្អជាមួយគ្នា។

លោកឧត្ដមសេនីយ៍មេបញ្ជាការ កងពលសង្ឃឹមថា ក្រោយស្ថានការណ៍កូវីដ១៩ ស្ងប់ស្ងាត់ កងទ័ពប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបន្តទៀត។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក សាលីម៉ា អ៊ីមភើរាល បានសំដែងការអំណរគុណលោក ឧត្តមសេនីយ៍ មេបញ្ជាការកងពលដែលបានអនុញ្ញាត ឲ្យរូបលោកចូលជួបសម្តែង ការគួរសមនាឱកាសនេះ។ លោកអនុព័ន្ធយោធា បានសម្តែងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រង និងទប់ស្កាត់បានល្អ នៃការរីករាលដាល ជំងឺឆ្លងកូវីដ-១៩ ហើយរូបលោក មានបំណងសិក្សាស្វែងយល់ លើបញ្ហានេះ។

លោកវរសេនីយ៍ឯក សាលីម៉ា អ៊ីមភើរាល ក៏បានកោតសរសើរ ចំពោះយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយជំលោះរ៊ាំរ៉ៃ កន្លងមកតាមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ហើយនេះជាផ្នែកមួយដ៍សំខាន់ ដែលហ្វីលីពីនត្រូវសិក្សា។ លោកអនុព័ន្ធសង្ឃឹមថា ក្នុងពេលអនាគតដ៍ខ្លី ហ្វីលីពីននឹងទទួលបានសុខសន្តិភាព ដូចកម្ពុជាសព្វថ្ងៃដែរ៕

To Top