ព័ត៌មានជាតិ

រកឃើញពពុះសណ្តែក ១១គីឡូក្រាម មានសារធាតុគីមីបូរ៉ាក់ ដាក់លក់នៅផ្សារកំពង់ធំ ខេត្តកំពង់ធំ, មន្រ្តីជំនាញដកហូត យកទៅកំទេចចោល

ភ្នំពេញ ៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តកំពង់ធំ ដោយមានលោកលៀង សុភា ជាប្រធានសាខា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារកំពង់ធំ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ គោលដៅសំខាន់ នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ ការចរាចរណ៍ ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

លោកលៀង សុភា ប្រធានសាខា ក.ប.ប ខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ទៅលើផលិត ផលម្ហូប អាហារមួយចំនួន ដើម្បីរកសារធាតុ គីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ។

លោកប្រធានសាខា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញខាងលើ ជាលទ្ធផលបានរកឃើញពពុះសណ្តែក ចំនួន១១គីឡូក្រាម មានសារធាតុគីមីបូរ៉ាក់ ។ មន្រ្តីសាខា ក.ប.ប ខេត្តកំពង់ធំ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី។

បន្ទាប់មកមន្ត្រីជំនាញ បានណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី «ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា និងច្បាប់ស្តីពី “កិច្ចការពារអ្នកប្រើប្រាស់» ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។

លោក លៀង សុភា បានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការថ្ងៃទី០១ សីហានេះ ក្រុមការងាររបស់លោកបានចុះយុទ្ធនាការផ្សព្វផ្សាយ និងបិទខិតប័ណ្ណផ្សព្វផ្សាយ (Flyer) លើខ្លឹមសារ ការស្វែងយល់អំពីអំពើរ មិនសុចរិត ក្នុងធុរកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ ដេប៉ូ ប្រេងឥន្ធនៈ តាមបណ្តាស្រុក ក្រុង ក្នុងខេត្តកំពង់ធំ ។

ការចុះផ្សព្វផ្សាយនេះ ក្នុងគោលបំណងបញ្ជ្រាប ការយល់ដឹងអំពីបទដ្ឋានគតិយុត្តិ ដែលតម្រូវឲ្យម្ចាស់ស្ថានីយ៍ ដេប៉ូ ប្រេងឥន្ធនៈទាំងអស់ ប្រកបមុខរបរ ដោយការប្រកួតប្រជែង ប្រកបដោយសុចរិតភាព និងតម្លាភាព ក៏ដូចជាការការពារផលយោជន៍អ្នកប្រើប្រាស់។

ក្នុងយុទ្ធនាការនេះ ក្រុមការងារបានផ្សព្វផ្សាយ-បិទខិតប័ណ្ណផ្សព្វផ្សាយ (Flyer) បានចំនួន១៧ទីតាំងស្ថានីយ៍-ដេប៉ូ ដោយបានពន្យល់ពីរបៀប scan QR code ដែលមាននៅលើខិតប័ណ្ណ ដើម្បីស្វែងយល់ ឯកសារច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗ និងការទទួលខុសត្រូវ ចំពោះមុខច្បាប់ ក្នុងករណីដែលម្ចាស់ស្ថានីយ៍-ដេប៉ូ បានប្រព្រឹត្តផ្ទុយ ឬបានប្រព្រឹត្តអំពើមិនសុចរិត ចំពោះការធ្វើធុរកិច្ច ដែលពាក់ព័ន្ធនិងតម្លៃ គុណភាព និងបរិមាណរបស់ប្រេងឥន្ធនៈ។ លើសពីនេះក្រុមការងារ ក៏បានផ្ទៀងផ្ទាត់តម្លៃប្រេង តាមប្រកាសក្រសួងពាណិជ្ជកម្មផងដែរ ។

លោកប្រធានសាខា បានថ្លែងអំណរគុណមន្ទីរពាណិជ្ជកម្មខេត្ត ដែលជាដៃគូ ក៏ដូចជាអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ និងការចូលរួមយ៉ាងរលូន ពីម្ចាស់ស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈទាំងអស់ ដែលបានផ្តល់លទ្ធភាព និងបង្កលក្ខណៈឲ្យសាខាលោក អនុវត្តយុទ្ធនាការនេះបានយ៉ាងរលូន ៕

To Top