ព័ត៌មានជាតិ

គ្រឿងញៀនជិត២០០គីឡូក្រាម និងសារធាតុគីមី ជាង៣០០០គីឡូក្រាម សម្រាប់ផលិតគ្រឿងញៀន ត្រូវសមត្ថកិច្ចបង្ក្រាប

ភ្នំពេញ ៖ ប្រតិបត្តិការដ៏ធំមួយ ក្រោមបទបញ្ជាផ្ទាល់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាល សន្តិសុខ បាន បើកការស៊ើបអង្កេត និងស្រាវជ្រាវករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់បម្រុង នាំចេញទៅបរទេស ចំនួន ១៨៥.០២គីឡូក្រាម ដោយសហការជាមួយអង្គភាពគយ នៃប្រទេសចិន តាមរយៈអង្គការ UNODC ប្រចាំប្រទេសថៃ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

យោងតាមការចេញផ្សាយ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ កក្កដា នាយកដ្ឋានកណ្តាលសន្តិសុខ បាន ដឹកនាំបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀន ជាក់ស្តែង ដោយសហការជាមួយអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ដោយឃាត់ជនសង្ស័យចំនួន ១នាក់ ជនជាតិខ្មែរ និងវត្ថុតាងគ្រឿងញៀន ចំនួន ១៩៨ដុំ លាក់បង្កប់ក្នុងកេសការ៉ូឈើ បន្លំជាគ្រឿងសង្ហារឹម។

ក្រោយនាំខ្លួន ជនសង្ស័យមកសាកសួរ នាយកដ្ឋានកណ្តាលសន្តិសុខ បានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន បន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិនបានម្នាក់ទៀត ដែលជាមុខសញ្ញាកែច្នៃគ្រឿងញៀន និងរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៨.៤៥គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿងញៀនចំនួន ២០.១៦គីឡូក្រាម ព្រមទាំងឧបករណ៍ សម្រាប់កែច្នៃមួយចំនួន ក្នុងបន្ទប់ខុនដូររបស់ជនសង្ស័យ។

សមត្ថកិច្ច បានបញ្ជាក់ថា ដោយមានការឯកភាពពីលោក ព្រះរាជអាជ្ញារង សាយ ណូរ៉ា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ ពាក់ព័ន្ធបានបន្ត ចុះឆែកឆេរទីតាំងលាក់ទុក នូវសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនមួយកន្លែង នៅក្នុងខណ្ឌកំបូល ដោយដកហូតបាន សារធាតុគីមីចំនួន ១១មុខ សរុបមានទម្ងន់ ៣១៤៦.១៩គីឡូក្រាម និងបន្តចុះឆែកឆេរ ទីតាំងរក្សាទុក ម៉ាស៊ីនសម្រាប់ផលិតគ្រាប់ថ្នាំញៀនមួយកន្លែងទៀត ស្ថិតក្នុងខណ្ឌដង្កោ ដោយរឹបអូសបានម៉ាស៊ីន អុកគ្រាប់ថ្នាំញៀន ចំនួន២គ្រឿង និងពុម្ពគ្រាប់ថ្នាំញៀនចំនួន ១៤សម្រាប់។

តាមការបញ្ជាក់របស់សមត្ថកិច្ច ករណីជួញដូរគ្រឿងញៀននេះ គឺជាករណីឧក្រិដ្ឋកម្មឆ្លងដែន ដែល មានអង្គការចាត់តាំងច្បាស់លាស់ និងមានមេខ្លោងនៅបរទេស ហើយមានបំណងនាំចេញទៅកោះតៃវ៉ាន់ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ កំពុងបន្តស្រាវជ្រាវមុខសញ្ញាមេខ្លោងនៅបរទេស និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

To Top