ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ បន្ដអំពាវនាវ ឲ្យកងទ័ព និងពលរដ្ឋ ចៀសវាងការជួបជុំមនុស្សច្រើន បង្ការជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបន្ដអំពាវនាវឲ្យកងទ័ព និងប្រជាពលរដ្ឋ ត្រូវចៀសវាងការជួបជុំមនុស្សច្រើន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩។

សម្ដេច ទៀ បាញ់ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ថា «ស្ថានភាពនៃការគំរាមកំហែងពីមេរោគកូវីដ-១៩ គឺនៅមានកំរិតខ្ពស់នៅឡើយ។ ជាក់ស្ដែងអត្រាចម្លងថ្មី និងមរណៈភាព មានចំនួនកើនឡើងជាលំដាប់ នៅតាមបណ្តាប្រទេសនានា ក៏ដូចជាប្រទេសដែលស្ថិតនៅតំបន់អាស៊ានផងដែរ»។

សម្ដេចបន្ដថា «ហេតុនេះ សូមបងប្អូនកងទ័ព និងប្រជាពលរដ្ឋ បន្តចៀសវាងការជួបជុំដែលមាន មនុស្សច្រើន ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា កុំចាកចេញពីផ្ទះបើមិនចាំបាច់ និងអនុវត្តឲ្យ បានម៉ឺងម៉ាត់នូវរាល់វិធាន ការនានា ដែលក្រសួងសុខាភិបាលបានណែនាំ»។

សូមរំលឹកថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកមានវីរុស កូវីដ-១៩ ចំនួនសរុប ២៤១នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២០០នាក់ និងអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៣៩នាក់ និងអ្នក សម្រាកព្យាបាលនៅបន្ទប់ដោយឡែក ក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ចំនួន២នាក់ ផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top