ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុ ផ្ទុះដ៏ខ្លាំងក្លាមួយ ក្នុងរដ្ឋធានីនៃប្រទេសលីបង់

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ នៅថ្ងៃទី៥ ខែ សីហានេះបានផ្ញើសារ ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុផ្ទុះដ៏ខ្លាំងក្លា ចេញពីឃ្លាំងស្ដុកអាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ ។

លោក ហ៊ុន ម៉ានី បានសរសេរ លើគេហទំព័រហ្វេសប៊ុកថា” ខ្ញុំពិតជាមានក្ដីរន្ធត់ក្រៃលែង ដោយបានទទួលដំណឹង ពីឧបទ្ទវហេតុផ្ទុះដ៏ខ្លាំងក្លា ចេញពីឃ្លាំងស្ដុកអាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ នេះ។ ជាមួយនឹងអារម្មណ៍ សោកស្ដាយជាពន់ពេក នូវការបាត់បង់អាយុជីវិត និងការរងរបួសប្រជាពលរដ្ឋលីបង់ ជាច្រើនពាន់នាក់ ក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ”។

អ្នកតំណាងរាស្រ្តរូបនេះ បញ្ជាក់បន្ថែមថា “ខ្ញុំសូមចូលរួមសម្ដែងមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងសូមបួងសួងឲ្យអ្នកដែលរងរបួស នៅបេសកកម្មស្វែងរកអ្នក ដែលបាត់ខ្លួនក្នុងគំនរផេះផង់ ទទួលបានជោគជ័យ”។

បើយោងក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះ ដ៏កក្រើកមួយនេះបណ្តាល ឲ្យមនុស្សស្លាប់យ៉ាងតិច៧០នាក់ និងរងរបួសជាង៤ពាន់នាក់ ព្រមទាំងធ្វើឲ្យ មានការខូចខាតយ៉ាងខ្លាំងផងដែរ។ ចំពោះមូលហេតុដែល បណ្តាលឲ្យមានការផ្ទុះ គេមិនទាន់ដឹងនៅឡើយនោះទេ៕

To Top