ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រកឃើញអ្នកសង្ស័យ កើតជំងឺគ្រុនឈីក ជាង១ពាន់ករណី នៅក្នុងខេត្តចំនួន១៥

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកសង្ស័យ កើតជំងឺគ្រុនឈីក ចំនួន១៧០០ករណី នៅក្នុងខេត្តចំនួន១៥ ។

សូមរំលឹកថា ជំងឺគ្រុនឈីកបានផ្ទុះឡើង នៅក្នុងភូមិមួយចំនួន នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ។ ជំងឺគ្រុនឈីក(CHIK) កើតឡើងដំបូងបំផុត នៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រីក និងធ្លាប់បានរកឃើញដំបូង នៅកម្ពុជាដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ១៩៦១ និងឆ្នាំ២០១១ ។

លោកស្រី ឱ វណ្ណឌីន បានឲ្យដឹង តាមរយៈបណ្ដាញទំនាក់ទំនង សង្គមតេឡេក្រាមថា «គិតមកដល់ពេលនេះ ស្ថានភាពជំងឺគ្រុនឈីក នៅកម្ពុជា រហូតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ បើតាមរបាយណ៍ស្រាវជ្រាវ និងតាមដាន ដោយយកចិត្តទុកដាក់ពី កម្មវិធីជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាម និងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនិងជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល នេះបានរាយណ៍ការថា មានករណីសង្ស័យជំងឺគ្រុនឈីក សរុបមានការកើនឡើងពី១០២០ករណី សង្ស័យ ដែលបានរាយណ៍ការលើកមុននោះ ឡើងមកដល់១៧០០ករណីសង្ស័យ ដែលកើតមានឡើងនៅក្នុងខេត្តចំនួន១៥ » ។

លោកស្រីបានឱ្យដឹងទៀតថា ខេត្តទាំង១៥ ដែលកំពុងផ្ទុះជំងឺគ្រុនឈីករួមមាន៖ ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្ដរមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ កណ្ដាល បន្ទាយមានជ័យ កំពង់ចាម និងខេត្តសៀមរាប ក្នុងនោះខេត្ត ដែលទើបនឹងរកឃើញថ្មី ចំនួនបី គឺខេត្តកំពង់ធំ បាត់ដំបង និងខេត្តកណ្ដាល ។ នៅក្នុងចំណោម ១៧០០ករណីសង្ស័យនេះ លោកស្រីបានឱ្យដឹងថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានកំពុងធ្វើការវិភាគ យ៉ាងយកចិត្តទុកដាក់ ហើយនៅក្នុងនោះ គិតត្រឹមថ្ងៃទី៥ សីហា នេះ ទទួលបានលទ្ធផល សម្រាប់ខេត្តបន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារស្ទឹងត្រែង ព្រះសីហនុ និងខេត្តបាត់ដំបង ផ្អែកលើការធ្វើតេស្ដ លើករណីសង្ស័យ៧៧ទាំងអស់នោះ គឺមាន៧២,៤០% ដែលបានរកឃើញថា មានជំងឺគ្រុនឈីក ។

ជាមួយគ្នានេះផងដែរ លោកស្រីរដ្ឋលេខាធិការ ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ មានការយកចិត្តទុកដាក់ និងការពារខ្លួនឱ្យបានជាប់ជានិច្ច ព្រោះរដូវកាលនេះជារដូវភ្លៀង ហើយការកកើតមូស ក៏មានច្រើនហើយផងដែរ ។ ទាក់ទិនករណីនេះលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំឲ្យថ្នាក់ដឹកនាំ មូលដ្ឋានគ្រប់ជាន់ថ្នាក់ រាជធានី-ខេត្ត ត្រូវជំរុញចលនាប្រជាជន កំចាត់ជម្រកមូសខ្លា ដើម្បីទប់ស្កាត់ និងការពារជំងឺឈីក (CHOK) ព្រោះជំងឺនេះ ដូចគ្នាទៅនិងជំងឺគ្រុនឈាមផងដែរ ៕

To Top