ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ស្នើឲ្យម្ចាស់គម្រោង បុរីធំៗ ក្នុងទីក្រុង ទិញរថយន្ត ពន្លត់អគ្គីភ័យ ផ្ទាល់ខ្លួន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ បានស្នើឲ្យម្ចាស់គម្រោងបុរីធំៗ នៅរាជធានីភ្នំពេញ ត្រូវតែមានរថយន្តពន្លត់អគ្គីភ័យ ប្រចាំការក្នុងបុរីផ្ទាល់ខ្លួន ដើម្បីបង្ការ ការពារ សុខសុវត្ថិភាព អ្នករស់នៅក្នុងបុរី ពីហេតុការណ៍ អាក្រក់ណាមួយដែលកើតឡើងជាយថាហេតុ ។

ក្នុងកិច្ចប្រជុំ ស្តីពី ការគ្រប់គ្រងបុរី នៅក្នុងរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ ក៏ដូចជាស្នើសុំដំបូង ឲ្យម្ចាស់គម្រោងសាងសង់ បុរីធំៗ ក្នុងរាជធានីភ្នំពេញ គួរតែទិញ រថយន្តពន្លត់អគ្គីភ័យ ដាក់ប្រចាំការ នៅទីតាំងរបស់ខ្លួន ខណៈដែលបុរីតូចៗ មួយចំនួនទៀត អាចសិក្សាពីលទ្ធភាព និងរៀបចំតាមក្រោយ ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ ទៅកាន់ម្ចាស់គម្រោងបុរីដែរថា ចំពោះការការបង់ពន្ធផ្សេងៗ លោកនឹងស្នើសុំការអនុញ្ញាត ទៅកាន់រាជរដ្ឋាភិបាល លើបញ្ហានេះ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា “បើបុរីណា មិនទាន់មានទេ ចំពោះឡានពន្លត់អគ្គីភ័យ សូមឲ្យអញ្ជើញទាក់ទង ទិញ នាំចូលចុះ ហើយប្រសិនបើជា ពិបាក ក្នុងការបង់ពន្ធ ខ្ញុំធានាសុំបង់ពន្ធ ជាបន្ទុករបស់រដ្ឋ ដើម្បីឲ្យឯកជន ចូលរួមជាមួយរដ្ឋាភិបាល” ។

លោកអភិបាល រាជធានីភ្នំពេញ បន្តថា “តម្រូវការ៤០ជាន់ ឬឡានតម្រូវការ ឡាន៤០ម៉ែត្រ អីយ៉ាងមិច ខ្ញុំនឹងស្នើសុំទៅ រាជរដ្ឋាភិបាល ដើម្បីទទួលពន្ធ ជាបន្ទុករដ្ឋ សូមឲ្យវិស័យឯកជនទាំងអស់ ចូលរួមទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណា ឲ្យមានឡានទឹកទំនើប ដើម្បីបង្ការ និងពន្លត់អគ្គីភ័យ” ។

សូមបញ្ជាក់ថា យោងតាមទិន្នន័យ បុរីនៅក្នុងរាជធានីភ្នំពេញ ដែលបានចុះបញ្ជីសុំច្បាប់ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចំនួន ១៥២បុរី ស្មើនឹង ៧០.១៦២ខ្នងផ្ទះ ( វិឡាទោ ៣.៨៤១ខ្នង, វិឡាភ្លោះ ១១.២៥៧ខ្នង, វីឡាកូនកាត ១៤.៣១៣ខ្នង និងផ្ទះល្វែង ៤០.៧៥១ខ្នង) ប៉ុន្តែចុះពិនិត្យជាក់ស្តែង មានតែ ១២៥បុរីតែប៉ុណ្ណោះ ដោយបុរីមួយចំនួន បោះបង់ចោល និងមួយចំនួនកំពុងសាងសង់ មិនបានប្រើប្រាស់ ភ្នាក់ងារសន្តិសុខឯកជន៕ ដោយ៖ ដារាត់

To Top
×