ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុស្នើទូតថៃ ជំរុញកិច្ចសហប្រតិបត្តិការ បង្រ្កាបគ្រឿងញៀន និងការពារសុវត្ថិភាពលើផ្លូវសមុទ្រ

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើដល់ លោក Panyarak Poolthup ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ឲ្យបន្តការគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ បង្ការបង្រ្កាបគ្រឿងញៀន ការពារសុវត្ថិភាពលើផ្លូវសមុទ្រ និងការអភិវឌ្ឍធនធានមនុស្ស ទៅលើវិស័យនេះផងដែរ។ នេះបើយោងតាមរដ្ឋបាល ខេត្តព្រះសីហនុ។

ក្នុងជំនួបជាមួយឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី៦ សីហា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអរគុណដល់រដ្ឋបាលខេត្តត្រាត ដែលបានផ្តល់កិច្ចសហការ ក្នុងការជួយតាមស្វែងរក ស្ត្រីជនជាតិអង់គ្លេស ជាអ្នកទេសចរ ដែលបានបាត់ខ្លួន នាពេលកន្លងមកផងដែរ។

នាឱកាសនោះលោក គួច ចំរើន បានជម្រាបជូន លោកឯកអគ្គរាជទូតថៃ អំពីស្ថានភាពភូមិសាស្ត្រ និងវឌ្ឍនភាព នៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ។ លោកអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា កន្លងមក មាននាវាកងទ័ពជើងទឹករបស់ថៃ ចំនួន ២៦គ្រឿង ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយអាជ្ញាធររបស់យើង មានកិច្ចសហប្រតិបត្តិការគ្នា បានយ៉ាងល្អ និងបានធ្វើការចែករំលែក បទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។

ចំណែកលោក Panyarak Poolthup ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ បានធ្វើការវាយតម្លៃខ្ពស់ លើការរីកចម្រើនយ៉ាងឆាប់រហ័ស របស់ខេត្តព្រះសីហនុជាពិសេស ជាខេត្តជាប់មាត់សមុទ្រមួយនេះ ប្រកបដោយសក្តានុពល ដែលអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគចូលមកកំសាន្ត និងធ្វើការបណ្តាក់ទុនរកស៊ី ដែលជាផ្នែកមួយ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះនៅខេត្តព្រះសីហនុ ក៏មានអ្នកវិនិយោគ ជាជនជាតិថៃមួយចំនួន បានមកបណ្តាក់ទុនរកស៊ី នៅទីនេះផងដែរ៕

To Top