បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ news.sky.com បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហានេះថា ប្រជាពលរដ្ឋនៅប្រទេសលីបង់ ជាពិសេសពលរដ្ឋនៅទីក្រុង បេរូត បានបង្ហាញ នូវការខឹងសម្បារយ៉ាងខ្លាំង ចំពោះប្រមុខដឹកនាំរដ្ឋាភិបាល ជាពិសេសអភិបាលក្រុង បេរូត ដែលមានការធ្វេសប្រហែស និងមិនគិតគូរដល់សុវត្ថិភាព របស់ប្រជាពលរដ្ឋ ។
ការខឹងសម្បារបស់ប្រជាពលរដ្ឋលីបង់ បានកើតឡើងប៉ុន្មានថ្ងៃក្រោយ ពីមានការផ្ទុះឃ្លាំងស្តុកសារធាតុគីមី អាម៉ូនីញ៉ូម នីត្រាត (Ammonium Nitrates) ប្រមាណ២៧៥០តោន នៅតំបន់កំពង់ផែ ក្នុងទីក្រុង បេរូត ប្រទេសលីបង់ បណ្តាលអោយមនុស្ស ប្រមាណជាង១៣០នាក់ បានបាត់បង់ជីវិត និងមនុស្សជាង៥០០០នាក់ផ្សេងទៀត បានរងរបួស និងបាត់ខ្លួន ។
ប្រជាពលរដ្ឋបានលើកជាសំនួរថា ហេតុអ្វីបានជាប្រមុខដឹកនាំ រដ្ឋាភិបាល លីបង់ បានយកសារធាតុគីមីអាម៉ូនីញ៉ូម នីត្រាត ប្រមាណ២៧៥០តោន ទៅស្តុកទុកនៅកណ្តាលទីប្រជុំជន នៅកណ្តាលទីក្រុងបែបនេះ ? តើប្រមុខដឹកនាំរដ្ឋាភិបាល និងអភិបាលក្រុងបេរូត បានគិតដែរទេពីសុវត្ថិភាព របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងនេះ ? ។
បើតាមអង្គការកាកបាទក្រហមលីបង់ បានអោយដឹងថា ទំហំនៃការខូចខាត ដោយសារការផ្ទុះឃ្លាំងស្តុក សារធាតុគីមីនេះមានទំហំធំធេងណាស់ ខណៈដែលមានការផ្ទុះពីរលើកផ្ទួនគ្នា ដែលបង្កជាភ្លើងផ្សែងពេញអាកាស និងចំហាយផ្ទុះបង្កឱ្យបែកបាក់រលំអគារ ដែលនៅក្បែរ កញ្ចក់រថយន្ត កញ្ចក់ផ្ទះនៅជិតៗនោះ បែករាយបាយធ្លាក់ពេញដី ។
កម្រិតផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ គឺខ្លាំងសម្បើមណាស់ ដែលគ្រាន់តែសម្លេងផ្ទុះអាចលាន់លឺដល់ចម្ងាយ ពី១៦០ទៅ២០០គីឡូម៉ែត្រ និងលាន់លឺរហូតដល់កោះ ស៊ីប ដែលនៅជិតខាងទៅទៀត ហើយកម្លាំងផ្ទុះនោះ ក៏បានធ្វើអោយញ័រផែនដី ដូចជារញ្ជួយដីដែរ ដែលមានកម្លាំងញ័រ រហូតដល់៣.៣ នៃរង្វាស់រិកទ័រ ប្រហាក់ប្រហែលនឹងរញ្ជួយដីដែរ ។
ការខូចខាតប៉ះពាល់ច្រើនគីឡូម៉ែត្រ នៅជុំវិញកន្លែងកើតហេតុ ដែលក្រុមពន្លត់អគ្គិភ័យ បានប្រើប្រាស់ពេលវេលា រហូតដល់ជាង៣ម៉ោង ក្នុងការពន្លត់អណ្តាតភ្លើង នៅកន្លែងផ្ទុះនោះអោយរលត់ផុតបាត់ទៅ ។
ក្រុមសេដ្ឋវិទូបានប៉ាន់ប្រមាណថា ការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ ទំហំនៃការខូចខាតអាចមានទំហំ ទឹកប្រាក់ពី៣ទៅ៥ពាន់លានដុល្លារអាមេរិក ដោយមិនបូករួមជាមួយ នឹងការបាត់បង់ជីវិត មនុស្សជាង១៣០នាក់ មនុស្សជាង១០០នាក់ បានបាត់ខ្លួន និងមនុស្សជាង៥០០០នាក់ផ្សេងទៀតបានរងរបួស ខណៈដែលមនុស្ស ប្រមាណ៣០ម៉ឺននាក់គ្មានទីជម្រក ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយមាន ការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ មិនទាន់ត្រូវបានបង្ហាញអោយ បានច្បាស់លាស់នៅឡើយទេ ប៉ុន្តែឧត្តមក្រុមប្រឹក្សាការពារជាតិ របស់ប្រទេសលីបង់ (Lebanon Defense Council) បានដាក់បន្ទុកការទទួលខុសត្រូវ លើប្រទេសអ៊ីស្រាអែល ដែលមានជម្លោះជាមួយពួកឧទ្ទាមហេស្បូឡា (Hezbollah) របស់ប្រទេសលីបង់ ។
ការដាក់បន្ទុកលើអ៊ីស្រាអែល ពីឧត្តមក្រុមប្រឹក្សាការពារជាតិលីបង់ គឺដោយមានសំអាងថា ក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ ភាពតានតឹង និងការប្រឈមមុខដាក់គ្នា ខាងយោធា រវាងប្រទេសអ៊ីស្រាអែល និងពួកឧទ្ទាមហេស្បូឡា (Hezbollah) របស់ប្រទេសលីបង់ បានឡើងកម្តៅយ៉ាងខ្លាំង ជាពិសេសគឺនៅតំបន់ព្រំដែន រវាងប្រទេសទាំងពីរ ។
ចំណែកប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និយាយដោយសំអាង លើរបាយការណ៍ពីក្រុមភ្នាក់ងារចារកម្ម របស់ខ្លួននៅប្រទេសលីបង់ថា ការផ្ទុះឃ្លាំងស្តុក សារធាតុគីមីនៅលីបង់ គឺជាការវាយប្រហារភេរវកម្ម ដោយតែគេលីស្នូផ្ទុះគ្រាប់បែកមួយគ្រាប់ ក្នុងពេលដំណាលគ្នា នៃការផ្ទុះឃ្លាំងនោះ ។
អ្នកជំនាញផ្នែកគ្រឿងផ្ទុះ របស់ប្រទេសលីបង់បាននិយាយថា ក្រុមសមត្ថកិច្ចថ្នាក់ ក្រោមខាងរក្សាសុវត្ថិភាព បានជូនដំណឹង ពីហានិយភ័យ និងពីក្តីបារម្ភ ថា អាចនឹងមានសញ្ញាណមិនសូវល្អសោះ ហើយវាអាចនឹងបង្កគ្រោះថ្នាក់ផង ព្រោះឃ្លាំងស្ទុកសារធាតុគីមី មានទំហំច្រើន ហើយនៅក្បែរនឹង កន្លែងរក្សាទុកកំាជ្រួចផងទៀត ។
សមត្ថកិច្ចថ្នាក់ក្រោម បានស្នើជូនយោបល់ដល់ថ្នាក់លើ ឱ្យដឹកសារធាតុគីមី អាម៉ូនីញ៉ូម នីត្រាត (Ammonium Nitrates) ប្រមាណ២៧៥០តោន ទៅទុកន្លែងផ្សេង ដែលមានសុវត្ថិភាពជាងនេះ ក៏ប៉ុន្តែមិនមាននរណា អើពើសោះ រហូតដល់កើតហេតុ សោកនាដកម្មនេះឡើង ។
សន្និដ្ឋាន៖ តើអាចជាស្នាដៃរបស់ក្រុមភេរវករទេ ?
អ្នកជំនាញផ្នែកភេរវនិយម នៅចក្រភពអង់គ្លេស បានលើកឡើងថា ការផ្ទុះឃ្លាំងស្តុកសារ ធាតុគីមី អាម៉ូនីញ៉ូម នីត្រាត(Ammonium Nitrates) ប្រមាណ២៧៥០តោន នៅទីក្រុងបេរូតប្រទេសលីបង់នេះ មិនមែនជាការវាយប្រហារ ភេរវកម្មរបស់ក្រុមភេរវករនោះទេ ។
មិនមែនជាអំពើភេរវកម្ម របស់ក្រុមភេរវករ គឺមានសំអាងត្រង់ថា ក្រុមភេរវជនមកពីអង្គការ ភេរវកម្មអាល់កៃដា (Al Qaeda) ក្រុមរដ្ឋអ៊ីស្លាម អាយស៊ី (ISIS) ឬក្រុមជ្រុលនិយមផ្សេងទៀត តែងតែអះអាងទទួលខុសត្រូវ នូវអំពើភេរវកម្មរបស់ខ្លួនក្នុងរយៈពេលយ៉ាងយូរ៤៨ម៉ោង ។
ប៉ុន្តែការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ បានកើតឡើងចាប់តាំងពីល្ងាចថ្ងៃអង្គារ ទី៤ ខែសីហានេះ ដោយមិនទាន់មានក្រុមភេរវនិយមណាមួយអះអាង ទទួលខុសត្រូវដូចកាលពីមុនទេ ដែលនេះអាចមិនមែនជាការ វាយប្រហាររបស់ក្រុមភេរវករទេ ៕
ដោយ ៖ អ៊ី ជិន