ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយចិន មិនមែនជា ការយកឈ្នះចាញ់ជាមួយ EBA ឡើយ (វីដេអូ)

ការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន មិនមែនជាការយកឈ្នះចាញ់ ជាមួយ EBA ឡើយ

ការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន មិនមែនជាការយកឈ្នះចាញ់ ជាមួយ EBA ឡើយ

បាន​បង្ហោះ​ដោយ Dap News Website នៅ ព្រហស្បតិ៍ 6 សីហា 2020

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថាកម្ពុជាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជា មួយប្រទេសចិនមិនមែនដើម្បីយកឈ្នះយកចាញ់ ជាមួយសហគមន៍ អឺរ៉ុបដែលគ្រោងព្យូរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញ គ្រប់មុខ លែងតែអាវុធដែលហៅកាត់ថាEBAនោះឡើយពោលគឺការចុះកិច្ចព្រមព្រៀងនេះ ដើម្បីពង្រីកទីផ្សារសម្រាប់ទំនិញរបស់កម្ពុជា ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

សូមរំលឹកថា កាលពីអំឡុងខែកុម្ភៈឆ្នាំ ២០២០ គណៈកម្មការអឺរ៉ុប (EU) បានសម្រេចដក EBA លើមុខទំនិញនាំចេញរបស់កម្ពុជា ប្រមាណ២០% នៃមុខទំនិញនាំចេញទាំងអស់ ទៅកាន់ទីផ្សារអឺរ៉ុប ហើយទំនិញ ៨០%ទៀត ត្រូវបានរួចពន្ធដដែល ។ប្រសិនបើគ្មានអ្វីប្រែប្រួលសភាអឺរ៉ុបនិង ក្រុមប្រឹក្សានៅ ការព្យួរEBA នេះនឹងចូលជាធរមាន នៅ ថ្ងៃ ទី ១២ ខែ សីហា ឆ្នាំ ២០២០ខាងមុខនេះ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វិធានការជំរុញ ផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក នៅថ្ងៃទី៦ ខែសីហាឆ្នាំ២០២០ លោកផៃស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា”ការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេសចិនមិនមែន ជាការយកឈ្នះយកចាញ់ជាមួយEBAនោះទេ។ សូមជម្រាបរាជរដ្ឋាភិបាលមានគោល នយោបាយតាំងពីយូរណាស់មកហើយ ធ្វើយ៉ាងម៉េចដើម្បីរកទីផ្សារឲ្យបានច្រើន”។

លោក ផៃ ស៊ីផាន បញ្ជាក់បន្ថែមថា”រឿង EBA ជារឿងរបស់កម្ពុជាជាមួយសហគមន៍អឺរ៉ុបក្នុងភាពជាដៃគូហើយ ការសម្រេចចិត្តនិងការទទួលខុសត្រូវរៀងៗខ្លួន រវាងកម្ពុជាជាមួយសហគមន៍អឺរ៉ុប ដែលយើងមាននិន្នាការឯករាជ្យនិងអធិបតេយ្យភាពរៀងៗខ្លួន”។
ទាក់ទិនករណីនេះជារឿយៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក់ថា សម្ដេចនឹងមិនសុំត្រឡប់មកវិញ នូវប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់មុខ (EBA) ២០% ដែលសហភាពអឺរ៉ុបព្យូរនោះឡើយ ព្រោះកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជំនួយ ឬសុំការអនុគ្រោះណាមួយឡើយ៕

To Top
×