ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជា នេសាទប្រុងប្រយ័ត្ន ចំណុចកប៉ាល់លិចសម័យ សង្រ្គាមក្នុងស្រុកស្រីសន្ធរ

កំពង់ចាម ៖ ដោយសារមានការ សង្ស័យគ្រឿងសព្វាវុធ គ្រាប់មិនទាន់ផ្ទុះ ក្នុងកប៉ាល់លិចនាសម័យសង្គ្រាម ក្នុងទន្លេមេគង្គ ចំណុចភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០នេះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងអំពាវនាវ ដល់ប្រជានេសាទ សូមឱ្យមានការប្រុងប្រយ័ត្ន ចំពោះទីតាំងនោះ ខ្លាចមានគ្រោះថ្នាក់ដោយយថាហេតុ ។

បន្ទាប់ពីបានដឹកនាំមន្ត្រីជំនាញចុះស្រាវជ្រាវ នៅចំណុចកប៉ាល់លិចដូចខាងលើ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំដល់លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ ធ្វើការផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទ ដែលរស់នៅតាមតំបន់ដងទន្លេមេគង្គនេះ ដើម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទីតាំងប្រវត្តិសាស្រ្តដែលកប៉ាល់បានលិច ក្នុងសម័យសង្រ្គាម ដែលចំណុចនេះត្រូវបានសង្ស័យថា មានគ្រឿងសព្វាវុធ គ្រាប់មិនទាន់ផ្ទុះ បន្សល់ទុកនៅក្នុងកប៉ាល់នោះនៅឡើយ ។

គួររំលឹកផងដែរថា នៅចំណុចកប៉ាល់លិចដូចខាងលើ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចូលរួមជាមួយក្រុមស៊ីមាក់ បានមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទ មានដូចជាគ្រាប់AK57 ចំនួន ៣ គីឡូ -គ្រាប់ ៦០ មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១ គ្រាប់ ដែលស្ថិតនៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ដោយពេលនោះសមត្ថកិច្ច បានមុជទឹក ជម្រៅ ១៩ ម៉ែត្រ ហើយបានប្រទះឃើញ ទ្រង់ទ្រាយជា ម៉ារីន មួយគ្រឿងផងដែរ។

To Top