ព័ត៌មានជាតិ

លោក ឃួង ស្រេង ដាស់តឿនអភិបាលខណ្ឌទាំងអស់ ត្រូវតាមដានកុំឲ្យមានករណីលួចបើកក្លឹប និងខារ៉ាអូខេ ពពាក់ពពូនគ្នា

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ ស្តីពីវិធានការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ តាមក្លឹបកម្សាន្ត និងខារ៉ាអូខេ ក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានព្រមាន ដល់អភិបាលខណ្ឌទាំងអស់ ប្រយ័ត្នមានបញ្ហាប្រឈមមុខ ជាមួយក្រសួងមហាផ្ទៃ បើមានករណី មានក្លឹបកម្សាន្ត និងខារ៉ាអូខេ ពពាក់ពពូនគ្នា លួចបើកហើយត្រូវកងកម្លាំង សមត្ថកិច្ចបង្ក្រាបបានជាក់ស្ដែង ។

លោក ឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចុះពិនិត្យ ក្នុងមូលដ្ឋានរបស់ខ្លួន ទៅលើទីតាំងក្លឹបកំសាន្ត និងខារ៉ាអូខេ ដែលបានកែប្រែទៅជាភោជនីយដ្ឋាន ដើម្បីដឹងប្រាកដថា ទីតាំងទាំងនោះ បានអនុវត្តទៅតាមវិធាន របស់ក្រសួងសុខាភិបាលដែរឬទេ។

ក្នុងកិច្ចប្រជុំខាងលើនេះ លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងបន្ថែមថា ផ្ទុយទៅវិញ បើក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងនោះ មិនបានប្រែក្លាយ ទៅជាភោជនីយដ្ឋានទេ តែបែជាលួចបើកធម្មតា ហើយត្រូវបាន កម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាក់ស្តែង នោះអាជ្ញាធរខណ្ឌនោះ នឹងមានបញ្ហាប្រឈមមុខ ជាមួយនិងក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។

លោក ឃួង ស្រេង មានប្រសាសន៍ថា “ក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលប្តូរទៅជា ភោជនីយដ្ឋាន អាជ្ញាធរខណ្ឌ ត្រូវចុះពិនិត្យមើល ថាតើបានគោរពតាមវិធាន របស់ក្រសួងសុខាភិបាលទេ ដូចជាការលាងដៃនឹងអាកុល ទឹកស្អាតនិងសាប៊ូ ការពាក់ម៉ាស់ និងការរក្សាគម្លាតពីគ្នាជាដើម”។

លោកអភិបាលរាជធានី ក៏បានបញ្ជាក់ផងដែរថា បញ្ហា ជំងឺកូវីដ១៩ មិនមែនជារឿង របស់ក្រសួងសុខាភិបាល តែមួយនោះទេ តែវាជារឿង របស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺនេះ ។ អាជ្ញាធរខណ្ឌត្រូវចុះតាមដាន ដល់ទីតាំងធ្វើចក្រតាឡីស័ក្កិ និងដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័ក្តិ ហើយធ្វើរបាយការណ៍ មករដ្ឋបាល រាជធានីភ្នំពេញ ជាប្រចាំ៕ដោយ៖ ដារាត់

To Top