ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បិទវគ្គបណ្ដុះបណ្ដាល ភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំ នៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាល ភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំសម្រាប់ ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់១៤ ខែសីហា ឆ្នាំ២០២០ ដែលមានសិក្ខាម ចូលរួមសរុប ប្រមាណ១២៧រូប ហើយសមាសភាពចូលរួមគឺជា ប្រធានក្រុមប្រឹក្សា និងអភិបាល ក្រុង ស្រុក ខណ្ឌ ។

ក្នុងឱកាសនោះដែរ លោក ប្រាក់ សំអឿន មានប្រសាសន៍ថា «វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រធានក្រុមប្រឹក្សា រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឲ្យកាន់តែល្អប្រសើរ អាចបំពេញតួនាទីភារៈកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធិភាព ពិសេស ក្នុងការគ្រប់គ្រងដឹកនាំរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឆ្ពោះទៅរកការអភិវឌ្ឍន៍តាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមស្មារតីនៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ»។

ជាងនេះទៅទៀត លោក លើកឡើងទៀតថា តាមរយៈការអនុវត្តយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ កម្ពុជាបានឆ្លងកាត់ដំណាក់ កាលជាច្រើន ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុង-ក្នុងគោលដៅដើម្បីបង្កើនការងារ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងបំពេញការងារជូនប្រជាពលរដ្ឋ ហើយសំដៅឲ្យបាននៅការ អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ឱ្យសេដ្ឋកិច្ចសង្គមប្រកបដោយចរីភាព។ ជាការពិតហើយ ការងារកំណែទម្រង់របស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលជាច្រើនផងដែរ។

ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដុលនេះរួច អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជឿជាក់ថា អភិបាល ក្រុង ស្រុក ខណ្ឌនិងទទួលបាន នូវចំណេះដឹង និងចំណេះធ្វើថ្មីសម្រាប់យក ទៅអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ជាមួយគ្នានេះក្រោយពីបានមកសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលនេះ អភិបាល ក្រុង ស្រុក ខណ្ឌ និងយកចំណេះដឹងដែលបានរៀនសូត្រ ទៅចែករំលែកទៅដល់សហការី និងមន្ត្រីក្នុងមូលដ្ឋាន យកទៅប្រើប្រាស់ដើម្បីជាផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
យោងតាមរបាយការណ៍វគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាព របស់សិក្ខាកាម ដូចជា៖ លើកកម្ពស់អភិបាលកិច្ចនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ,ការធ្វើសេចក្ដីសម្រេច ចិត្តជាយុទ្ធសាស្ដ្រឲ្យកាន់តែមានប្រសិទ្ធភាព និងភាពឆ្លើយតប ,ការលើកកម្ពស់ប្រសិទ្ធភាពនៃការ ដឹកនាំ និងគ្រប់គ្រង។

របាយការណ៍ដដែលបន្ដថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ដោយមានកិច្ចសហការជាមួយ លេខាធិការ គ.ជ.អ.ប ដែលផ្ដោតលើម៉ូឌុលធំៗ ចំនួន៣រួមមាន ៖ ទី១អភិបាលកិច្ចនៅរដ្ឋបាលក្រុង ស្រុក ,ទី២-ការធ្វើសេចក្ដីសម្រេចចិត្តជាយុទ្ធសាស្ដ្រ និងទី៣-ជំនាញក្នុងការដឹកនាំ និងគ្រប់គ្រង។

បន្ទាប់ពីការថ្លែងសុន្ទរកថា បិទវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំ នៅរដ្ឋបាល ក្រុង សុ្រក ខណ្ឌ រួចមក លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូន ដល់សិក្ខាកាមជាថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌ ទាំង២៥រាជធានី-ខេត្ត ចំនួន១២៥រូប ស្រីចំនួន៤រូប៕ដោយ ៖ អេង ប៊ូឆេង

To Top