ព័ត៌មានជាតិ

អភិបាលរាជធានី ណែនាំឲ្យមន្ទីរសាធារណការ យកចិត្តទុកដាក់ ចំពោះរុក្ខជាតិនៅវិមានឈ្នះឈ្នះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ អោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដាំស្មៅ ជួសដើមឈើដែលងាប់ និងដាំផ្កា នៅតាមចិញ្ចើមផ្លូវទាំងអស់ នៅក្នុងបរិវេណ វិមានឈ្នះឈ្នះ ព្រមទាំងណែនាំ ឲ្យសន្តិសុខសណ្តាប់ធ្នាប់ ពន្យល់ទៅប្រជាពលរដ្ឋ ទៅដើរលេងកំសាន្ត នៅទីនេះ ត្រូវទុកដាក់សំរាម ឲ្យបានល្អផងដែរ។

ក្នុង ឱកាសចុះត្រួតពិនិត្យ វិមានឈ្នះឈ្នះ និងតាមបណ្ដោយ វិថីមហាវិថីឈ្នះឈ្នះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះទៅពិនិត្យស្ថានភាព ជុំវិញវិមានឈ្នះឈ្នះ និងណែនាំកិច្ចការមួយចំនួន ដើម្បីធ្វើយ៉ាងណា ឲ្យបរិវេនវិមានឈ្នះឈ្នះ និងនៅតាមបណ្តោយផ្លូវនេះ មានសណ្តាប់ធ្នាប់ សោភណ្ឌភាព បរិស្ថាន និងអនាម័យល្អប្រសើរ ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា “នៅក្នុងបរិវេន វិមានឈ្នះឈ្នះនេះ ក្នុងមួយថ្ងៃមួយថ្ងៃ មានប្រជាពលរដ្ឋ មកដើរលេងកំសាន្ត រាប់ពាន់នាក់ ដូច្នេះ កម្លាំងសន្តិសុខ សណ្តាប់ធ្នាប់របស់យើង ត្រូវណែនាំពួកគាត់ អោយទុកដាក់សំរាម អោយបានល្អ ដើម្បីអោយពួកគាត់ មានទំលាប់ល្អ” ។

បន្ថែមពីនេះ លោកអភិបាលរាជធានីភ្នំពេញ បានឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដាំស្មៅ ជួសដើមឈើដែលងាប់ និងដាំផ្កា នៅតាមចិញ្ចើមផ្លូវទាំងអស់ នៅក្នុងបរិវេន វិមានឈ្នះឈ្នះនេះ អោយបានល្អស្អាតបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៣ សីហាកន្លងមកនេះ លោកអភិបាល រាជធានីភ្នំពេញ បាន ដឹកនាំអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធមួយចំនួន ចុះត្រួតពិនិត្យមើលវិមានឈ្នះឈ្នះ និងតាមបណ្ដោយវិថីមហាវិថីឈ្នះឈ្នះ ម្តងរួចមកហើយ ដោយលោក អភិបាលបានណែនាំ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសំអាតធូលីដី ភក់ នៅលើបណ្ដោយផ្លូវនេះ ឱ្យបានស្អាត ជាមួយនឹងការប្រើគ្រឿងចក្រ កៀទឹកដក់ នៅតាមបណ្តោយផ្លូវនេះ បញ្ចូលទៅក្នុងលូ។

ក្រោយពីមានការណែនាំបែបនេះ ទាំងបរិវេណវិមានឈ្នះឈ្នះ និងតាមបណ្ដោយ វិថីមហាវិថីឈ្នះឈ្នះ មានសោភណ្ឌភាព បរិស្ថាន និងមានសណ្តាប់ធ្នាប់ល្អ ប្រសើរដែរ៕

To Top