ព័ត៌មានជាតិ

ស្រ្តីជនជាតិវៀតណាម និងកូនប្រុស លួច ចេញពីការ ធ្វើចត្តាឡីស័ក មន្ទីរពេទ្យបង្អែក ព្រះស្តេច មកកំពង់ឆ្នាំង

ភ្នំពេញ ៖ បើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មានស្រ្តីជនជាតិវៀតណាម និងកូនប្រុសអាយុ បានលួចចេញ ពីការធ្វេីចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែក ព្រះស្តេច ខេត្តព្រៃវែង មកខេត្តកំពង់ឆ្នាំង។

លោកស្រីបញ្ជាក់ តាមតេឡេក្រាម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ថា “មានករណី ជនជាតិវៀតណាម ដែលជាស្ត្រីអាយុ ៣៧ឆ្នាំ និងកូនប្រុសអាយុ ១៣ឆ្នាំ បានលួចចេញពី ការធ្វេីចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែក ព្រះស្តេច មកខេត្តកំពង់ឆ្នាំង ពិតប្រាកដមែន”។

លោកស្រីបញ្ជាក់ថា លទ្ធផលតេស្តលេីកទី១ របស់គាត់ និងកូននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងពីរនាក់ តែក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង កំពុងបន្តតាមដានសុខភាព ដោយយកចិត្តទុកដាក់បំផុត។

ក្រុមការងារបានពិនិត្យ កំដៅគាត់ និងកូនគាត់ ឃេីញធម្មតា គ្មានសញ្ញាក្អក ឈឺ ក ឬហត់ ដែលគួរឲ្យចាប់ អារម្មណ៍នោះឡេីយ។ ក្រុមការងារ នៃមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ក៏បានអប់រំ និងណែនាំពន្យល់ស្ត្រីរូបនេះ ក្នុងការអនុវត្តធ្វើចត្តាឡីស័ក ឲ្យគ្រប់ចំនួន ១៤ថ្ងៃ ដោយរាប់សារឡេីងវិញ និងដោយមានការសន្យាថា មិនរត់ទៀតទេ។

លោកស្រីរៀបរាប់ថា ស្ត្រីជនជាតិវៀតណាមរូបនេះ ជាអ្នករស់នៅ នៅភូមិប្រាសាទ (ភូមិថ្មី) ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចាកចេញពីកម្ពុជា មុនពេលចូលឆ្នាំខ្មែរ ទៅរស់នៅទល់ដែន កម្ពុជា-វៀតណាម ឌិញបា(តាមគាត់ប្រាប់) ហេីយដោយសារ មិនអាចរកសុីបាននៅទីនោះ គាត់ក៏បានត្រឡប់មក កម្ពុជាវិញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ។

នៅវេលាម៉ោងប្រហែល ជា ៥ព្រឹកពេលចូលដល់ កម្ពុជា ត្រូវបានក្រុមការងារ នៅមាត់ច្រកព្រំដែនអន្តរជាតិ បន្ទាយចក្រី ធ្វេីការត្រួតពិនិត្យសុខភាព តែមិនមានរោគសញ្ញា ឫបញ្ហាសុខភាពណាមួយ ដែលគួរឲ្យកត់សម្គាល់នោះឡេីយ ។ ដោយអនុវត្តវិធានការ សុខាភិបាល ក្រុមគ្រូពេទ្យ បានដឹកស្ត្រី និងកូននេះ តាមរថយន្តពេទ្យ មកធ្វើចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែក ព្រះស្តេចនៃខេត្តព្រៃវែង ។

នៅម៉ោង ប្រហែលជា ០០:៣០នាទី នៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យ បានទៅពិនិត្យមេីល ស្ថានភាពរបស់គាត់ ឃេីញមានសភាពធម្មតា ហេីយនៅម៉ោង ៥:៣០នាទីព្រឹក ក្រុមគ្រូពេទ្យបាន ទៅពិនិត្យម្តងទៀត តែមិនឃេីញស្ត្រី រូបនេះ និងកូនគាត់ នៅក្នុងបន្ទប់ឡេីយ។ ដូច្នេះ ស្រ្តីជនជាតិវៀតណាមរូបនេះ បានសម្រេចចិត្តនាំកូន ចាកចេញពីមន្ទីរពេទ្យនេះ តាំងពីមុនម៉ោង ៥:៣០ព្រឹក នៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ដោយមិនប្រាប់ក្រុមគ្រូពេទ្យ យាមប្រចាំការ នៅក្នុងមន្ទីរពេទ្យនេះឡេីយ ។

បេីតាមរបាយការណ៍ របស់មន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ទទួលបាននៅវេលាម៉ោង ១៨ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា ស្ត្រី និងកូនប្រុសខាងលេី បានចាកចេញពី មន្ទីរពេទ្យព្រះស្តេច នៃខេត្តព្រៃវែង នៅវេលាម៉ោងប្រហែល ជាជិត ម៉ោង៥ព្រឹក នៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ រួចបានឡើងឡានក្រុង មករាជធានីភ្នំពេញ និងប្រហែលជាម៉ោងជាង ៨ព្រឹក បានបន្តដំណើរ ដោយរថយន្ត ឈ្នួល មកខេត្តកំពង់ឆ្នាំង មកដល់ក្បាលថ្នល់សែប ប្រហែលជាង ម៉ោង១០ព្រឹកនៃថ្ងៃដដែល និងបាន បន្តទៅភូមិប្រាសាទ ដែលជាទីកន្លែងដែលគាត់ រស់នៅដោយម៉ូតូឌុប៕

To Top