ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញ បើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យភាក្សា សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី ចំនួន៣។
សូមជម្រាបថា សេចក្ដីព្រាងអនុក្រឹត្យទាំង៣ ដែលប្រជុំពិនិត្យពិភាក្សានាថ្ងៃនេះ រួមមាន ៖ ទី១-សេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ ,ទី២-សេចក្ដីព្រាងអនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធីនៃការអនុវត្តច្បាប់ស្ដីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ និងទី៣-អនុក្រឹត្យស្ដីពីការប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិបង្កក នៃហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមការងារអន្តរក្រសួង ទាំងក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដឹកនាំដោយលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាង និងបង្កើតបាននូវសេចក្ដីព្រាងអនុក្រឹត្យ ពាក់ព័ន្ធទាំង៣នាពេលនេះ៕


