ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារស្នើទូតជប៉ុន បន្តជួយលើកទឹកចិត្ត អ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៉ីរ៉ូ បន្តជួយគាំទ្រថែមទៀត លើការអភិវឌ្ឍធនធានមនុស្ស និងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុន ឱ្យបង្កើនការវិនិយោគនៅកម្ពុជាបន្ថែម និងពង្រីកទីផ្សារនៅជប៉ុន។

ការស្នើយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សា រវាងលោករដ្ឋមន្ត្រី អ៉ិត សំហេង ជាមួយលោកឯកអគ្គរាជទូត មីកាមិ ម៉ាសាហ៉ីរ៉ូ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

នាឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជាជប៉ុន លើគ្រប់វិស័យ ដោយឡែកវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរកំពុងបន្តជំរុញយកចិត្តទុកដាក់ និងពង្រីកនូវកិច្ច សហប្រតិបត្តិការថ្មីៗថែមទៀត ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ សុទ្ធតែបានដាក់ចេញនូវវិធានការ ប្រកបដោយប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩។

លោកឯកអគ្គរាជទូតជប៉ុន បានកោតសរសើរចំពោះវិធានការ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាកូវីដ-១៩ និងវិធានការដោះស្រាយផល ប៉ះពាល់ដោយជំងឺរាតត្បាតនេះ ព្រោះថាបានជួយដោះស្រាយទាំងបញ្ហាសង្គម និងសេដ្ឋកិច្ច។

លើក្របខណ្ឌកិច្ចសហប្រតិបត្តិការ វិស័យការងារ កម្ពុជា-ជប៉ុន បានចុះអនុស្សរណៈ នៃការយោគយល់គ្នានៅឆ្នាំ២០០៧ ដើម្បីទទួលកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន និងអនុស្សរណៈ នៃការយោគយល់គ្នានៅឆ្នាំ២០១៩ ដើម្បីទទួលយកពលករជំនាញ ទៅធ្វើការនៅប្រទេសជប៉ុន ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករជំនាញកម្ពុជា ដែលកំពុងបម្រើការនៅប្រទេសជប៉ុន មានជាង ១០,០០០នាក់។

លោករដ្ឋមន្ត្រីបានបន្តថា ដោយសារបច្ចុប្បន្នពិភពលោកទាំងមូល រួមទាំងកម្ពុជាផងនោះ កំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យការងារ វិស័យទេសចរណ៍ និងវិស័យមួយចំនួនទៀតនៅកម្ពុជា ជួបប្រទះនូវវិបត្តិមួយចំនួន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកញ្ចប់វិធានការ ដែលមកដល់ពេលនេះ បានទម្លាក់កញ្ចប់វិធានការទី៦ហើយ ដើម្បីដោះស្រាយផលប៉ះពាល់ជូនកម្មករនិយោជិត និយោជក និងប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតដែលព្យួរការងារ និងបាត់បង់ការងារ ដើម្បីពួកគាត់អាចដោះស្រាយបាននូវបញ្ហាជីវភាព និងស្វែងរកបាននូវឱកាសការងារថ្មី។

លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះភាគីជប៉ុនដែលបានយកចិត្តទុកដាក់ ដល់សិក្ខាកាម និងកម្មករជំនាញកម្ពុជា ព្រមទាំងអនុញ្ញាត ឱ្យចេញចូលជប៉ុន តាមរយៈវិធានការធ្វើចត្តាឡីស័កនៅផ្ទះ ។ តាមគ្រោងទុកកម្ពុជា នឹងបញ្ជូនសិក្ខាកាម និងកម្មករជំនាញដែលបានបណ្តុះបណ្តាលរួចទៅជប៉ុនបន្ថែមទៀតក្នុងពេលឆាប់ៗ នៅពេលដែលភាគីទាំងពីរឯកភាព នូវមធ្យោបាយនិងនីតិវិធី ក្នុងការធានាឱ្យបាន នូវការឆ្លងវីរ៉ុសកូវីដ-១៩។

នៅក្នុងការជំរុញការអភិវឌ្ឍ ធនធានមនុស្ស លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការអនុវត្តគោលនយោបាយ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹង ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា។គោលនយោបាយនេះ ក៏កំពុងត្រូវការចូលរួមជួយពីសំណាក់ដៃគូជាច្រើនទៀត ហើយអង្គការ JICA របស់ជប៉ុនក៏បានជួយដល់ការ បណ្ដុះបណ្ដាលលើជំនាញអគ្គិសនីផងដែរ។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានជម្រាបថា ថ្មីៗនេះ ក្រសួងបានស្នើទៅកាន់អង្គការ JICA ដើម្បីសុំឱ្យមានគ្រូបច្ចេកទេសផ្នែកអគ្គិសនីនេះមកជួយបង្រៀនបន្ថែម ហើយសង្ឃឹមថាជប៉ុននឹងយល់ព្រមចំពោះសំណើនេះ។

លោក មីកាមិ ក៏ដូចជាលោក អ៉ិត សំហេង សុទ្ធតែបានបង្ហាញពីការមើលឃើញថា ក្រុមអ្នកវិនិយោគទុនជប៉ុន ពិតជាបានរួមវិភាគទាន យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យមានការលូតលាស់រីកម្រើនជាបន្តបន្ទាប់ ។ ឧស្សាហកម្មដែលវិនិយោគដោយជនជាតិជប៉ុន មិនបានបិទនូវខ្សែសង្វាក់ផលិតកម្ម របស់ខ្លួននោះឡើយ មានតែបន្តបង្កើនវិនិយោគបន្ថែមទៀត ជាក់ស្តែងដូចជាក្រុមហ៊ុន Minibear ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ជប៉ុនដែលផលិតគ្រឿងបង្គុំ ម៉ូទ័រតូចៗជាដើម។

ភាគីទាំងពីរ បានលើកឡើងទៀតថា សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ គឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ អ្នកវិនិយោគទុន ។ កន្លងមកនេះ ទំនាក់ទំនាក់ដ៏ល្អរវាងកម្មករ និយោជិតរបស់កម្ពុជា និងថៅកែជាជនជាតិ ជប៉ុន មានភាពស្និទ្ធស្នាល ចេះយោគយល់អធ្យាស្រ័យគ្នា ដែលជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញ អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជា កាន់តែច្រើនផងដែរ៕

To Top