ព័ត៌មានជាតិ

សម្ដេច ស ខេង កោតសរសេីរចំពោះលទ្ធផលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល ៩ខែ ខណៈអត្រាគ្រោះថ្នាក់ស្លាប់ និងរងបួសថយចុះ

ភ្នំពេញ ៖ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បានកោតសរសើរ ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ ដែលអត្រាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ និងរងបួសមានការថយចុះ បើប្រៀបធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១៩។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ បានបញ្ជាក់ថា “នៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងរយៈពេល ៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងបួសមានការថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩”។

សម្ដេច បន្ដថា បេីតាមរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ នេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុបចំនួន ២៤៣០លើក ថយចុះ ៧២៩លើក ស្មើនឹង ២៣,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៩។ រយៈពេល ៩ខែ កាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរហូតដល់ទៅ ៣១៥៩លើក។

អត្រាគ្រោះថ្នាក់ថយចុះ ធ្វើឲ្យអត្រាអ្នកស្លាប់ក៏បានថយចុះ! នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលថយចុះមកនៅត្រឹម ២៤៣០លើកនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះ ២៦៤នាក់ ស្មើនឹង ១៧,៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ រយៈពេល ៩ខែឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន ១៥២១នាក់។

ចំណែកអត្រាអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាណ៍វិញ នៅក្នុងរយៈពេល ៩ខែឆ្នាំ២០២០នេះ អ្នករងបួសមានចំនួន៣៦៦៣នាក់ បានថយចុះ១០៥៨នាក់ ស្មើនឹង ២២,៤១ភាគរយ បើធៀបនឹងរយៈពេល៩ខែដូចគ្នាកាលឆ្នាំ២០១៩ ដែលអ្នករងបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលនោះ មានរហូតដល់ទៅ៤៧២១នាក់។

សម្ដេច ក្រឡាហោម ស ខេង មានប្រសាសន៍ថា “ផ្អែកលើលទ្ធផលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ ដោយគ្មានការនឿយហត់ របស់ថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត”។

សម្ដេច ក្រឡាហោម បន្ថែមថា “ខ្ញុំព្រះករុណា ខ្ញុំ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិទាំងមូល និងអ្នកបញ្ជាមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន និងគ្រប់ពេលធ្វើដំណើរ ធ្វើឲ្យអត្រាគ្រោះថ្នាក់ ចំនួនអ្នកស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឲ្យកត់សំគាល់ជាបន្តបន្ទាប់”។

ឆ្លៀតនៅក្នុងឱកាសនេះ រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បន្តការអំពាវនាវដល់ប្អូនជនរួមជាតិទាំងអស់! អំពាវនាវដល់អ្នកបញ្ជាយានយន្តទាំងអស់! សូមប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា និងសូមស្នើថ្នាក់ដឹកនាំសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្តបំពេញភារកិច្ចដ៏ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ ជូនប្រជាពលរដ្ឋ និងបន្តផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដោយស្មារតីយកចិត្តទុកដាក់ខ្ពស់៕

To Top