ព័ត៌មានជាតិ

ក្រុមប្រឹក្សាភិបាល ប.ស.ស. បន្តកិច្ចប្រជុំពិភាក្សា លើកទី២ អាណត្តិទី១ របស់ខ្លួន ទៅតាមកម្មវិធី គ្រោងទុក

ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិភាក្សាលើកទី២  អាណត្តិទី១ នាព្រឹកថ្ងៃអង្គារទី០៦ ខែតុលា ឆ្នាំ២០២០ នេះ ។

កិច្ចប្រជុំ របស់ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី២ នេះដែរ គឺផ្តោតសំខាន់ ទៅលើរបៀបវារៈ ដូចខាងក្រោម៖ 

(១) ត្រួតពិនិត្យលើសេចក្តីព្រាង អនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទបញ្ញត្តិច្បាប់ ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការ តាមផ្លូវអាកាស និងនាវាសមុទ្រ 

(២) សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិ សន្តិសុខសង្គម  

(៣) បញ្ហាផ្សេងៗ ។

ថ្លែងទៅកាន់អង្គប្រជុំ លោកបណ្ឌិតរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ  និងអរគុណដល់សមាជិក ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ដែលបានអញ្ជើញចូលរួម និងខិតខំយកចិត្តទុកដាក់ ពិភាក្សារៀបចំ នូវសេចក្តីព្រាងឯកសារទាំងនេះឡើង ដើម្បីដាក់ជូនកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលពិនិត្យពិភាក្សា និង អនុម័តនាពេលនេះ ។

ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំ លិខិតបទដ្ឋានបន្ថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយស្របទៅតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្ត តាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល សំដៅធានាបាន នូវសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។

ទាំងអស់នេះ គឺដោយសារ មានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរ និងខ្វល់ខ្វាយ ពីសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា និងអនុម័តខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹក នៅសាលប្រជុំ ក្រុមប្រឹក្សាភិបាល នៃទីស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមាន អញ្ជើញចូលរួមពីសំណាក់ សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន ១១រូប ៕

To Top