ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ដអំពា វនាវឲ្យ ប្រជាពលរដ្ឋយករថយន្ដមក ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ឲ្យ បានត្រឹមត្រូវ ខណៈក្រសួងផាកពិន័យរថយន្តហួសសុពលភាព ឆៀកបាន ជិត៣ពាន់លានរៀល។
ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាកំបូល នាថ្ងៃទី៧ តុលា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងថា បច្ចុប្បន្នមាន រយរថយន្ដ ហួសសុពល ឆៀក ជាង៣៦០ពាន់គ្រឿង មិនទាន់យករថយន្ដមក ឆៀក។ដូច្នេះ ពលរដ្ឋ ដែលមានរថយន្ដហួសសុពុល ឆៀក ត្រូវយកមក ឆៀក ឲ្យបានទាន់ពេលវេលា ដើម្បីកាន់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកុំឲ្យមានការផាកពិន័យ នៅពេលយករថយន្ដមក ឆៀក។
លោកបញ្ជាក់ថា «យើងមានច្បាប់ឲ្យផាកពិន័យឡាន មិនបានយកមក ឆៀក ទាន់ពេលវេលា ចឹងយើងផាកពិន័យបានច្រើនដែរ ក្នុងរយៈពេល៣ខែនេះ គឺផាកពិន័យបាន ជិត៣ពាន់លានរៀល ដោយសារឡានមិនយកមក ឆៀក ទាន់ពេលវេលា»។
ឆ្លៀតឱកាសនោះ រដ្ឋមន្ត្រីសាធារណការ លើកឡើងថា ក្រសួងធ្វើយ៉ាងណារៀបចំធ្វើកន្លែង ឆៀក រថយន្ដឲ្យបានច្រើន ដើម្បីបង្ខិតសេវាឲ្យគៀកពលរដ្ឋ ទាំងនេះជាកត្តាយ៉ាងសំខាន់ ក្នុងចូលរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោករដ្ឋមន្ដ្រី បន្ថែមថា សព្វថ្ងៃគ្រោះថ្នាក់ចរាចរណ៍ នៅតែជាកង្វល់ដ៏ធំ របស់រាជរដ្ឋាភិបាល ដែលក្នុង១ថ្ងៃ កម្ពុជាមានពលរដ្ឋ៥នាក់ បានស្លាប់ និង១៥នាក់រងរបួស។ លោករដ្ឋមន្ដ្រីថា កត្តាមួយក្នុងចំណោមកត្តាជាច្រើន នៃគ្រោះថ្នាក់ចរាចរណ៍នោះគឺកត្តា យានយន្តខុសលក្ខណៈ បច្ចេកទេស ដូច្នេះ ការយកឡានមកឆៀកនេះ ជាកត្តាដ៏សំខាន់ ក្នុងការបង្កើនសុវត្ថិភាពក្នុង ពេលបើកបរ៕
ដោយ ៖ អេង ប៊ូឆេង