ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៩ ខែ តុលា នេះ ស្ថានស្ថានភាពជំនន់ទឹកភ្លៀង នៅរង្វង់មូលកួរស្រូវ និងវត្តព្រះធាតុ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្រកចុះច្រើនបើធៀប នឹងកាលពីម្សិលមិញ ខណៈកងកម្លាំងកងពលតូច ដឹកជញ្ជូនលេខ៩៩ កំពុងមមាញឹកជួយសម្រួល ចរាចរណ៍ដល់ពលរដ្ឋ ធ្វើដំណើរទៅមក និងចូលទៅរស់នៅក្នុង លំនៅឋានវិញ។
សូមរំលឹកថា ក្រោមបទបញ្ជាផ្ទាល់ របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួល ការត្រៀមរៀបចំឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ និងនាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹក ជញ្ជូនលេខ៩៩ បញ្ជាកម្លាំងចំនួន១២០រូប រួមនិងអូរប័រ១០គ្រឿង ចុះជួយអន្តរាគមន៍ ប្រជាពលរដ្ឋ ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀង ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ ចាប់តាំងពីថ្ងៃមានជំនន់ទឹកភ្លៀងខ្លាំង រហូតមកទល់ពេលនេះ មិនទាន់បានដកកងកម្លាំងចេញនៅឡើយទេ ពោលគឺនៅបន្តរង់ចាំ ជួយប្រជាពលរដ្ឋ ក្នុងករណីមានតម្រូវការជួយសង្គ្រោះ ចាំបាច់នានា២៤ម៉ោង/២៤ម៉ោង ៕