ពោធិសាត់៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ បានអញ្ជើញចុះមកចែកស្រូវពូជ ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិសាត់ជិត ២ ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង កាលពីពេលកន្លងទៅ។
នៅក្នុងពិធីចែកស្រូវពូជ ជូនប្រជាពលរដ្ឋនាថ្ងៃនោះដែរ គឺមានពីរទីតាំងដោយទីតាំងទី១ ធ្វើឡើងនៅក្នុងពហុកីឡដ្ឋានខេត្តពោធិសាត់ ដែលមានប្រជាពលរដ្ឋ មកទទួលយកស្រូវពូជ និងគ្រឿងឧបភោគបរិភោគ ចំនួន ១៣០៤៧គ្រួសារ និង ទីតាំងទី២ ស្ថិតនៅក្នុងបរិវេនវិទ្យាល័យអូរតាប៉ោង ក្នុងឃុំអូរតាប៉ោង ស្រុកបាកានចំនួន ៤២៥៩គ្រួសារ។
នៅក្នុងពិធិចុះចែកស្រូវពូជ ជូនប្រជាពលរដ្ឋទាំងពីរទីតាំង ក្នុងទឹកដីខេត្តពោធិសាត់ នាឱកាសនោះដែរ ឯកឧត្តមហ៊ុន ម៉ាណែត ក៏បានពាំនាំការនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាត់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិសាត់ផងដែរ។
អំណោយដែលត្រូវបាន ចែកជូនប្រជាពលរដ្ឋ នៅក្នុងខេត្តពោធិសាត់ជិត ២ ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងនោះ ក្នុងមួយគ្រួសារៗ ទទួលបានស្រូវពូជចំនួន ១០០ គីឡូក្រាម អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកសុទ្ធ ១ កេស ឃីត ១ កញ្ចប់ និង ថវិកាចំនួន ៥ ម៉ឺនរៀល៕