ព័ត៌មានជាតិ

សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន និងមន្ទីរព័ត៌មានខេត្តកានស៊ុ រៀបចំកម្មវិធីពិព័រណ៍រូបថតមួយ ក្រោមប្រធានបទ «ការអញ្ជើញតាមវិថីសូត្រ»

ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានសហការជាមួយ មន្ទីរព័ត៌មានខេត្តកានស៊ុ នៃប្រទេសចិន ប្រារព្ធកម្មវិធីពិព័រណ៍រូបថតមួយ ក្រោមប្រធានបទ «ការអញ្ជើញតាមវិថីសូត្រ» ដែលជាការផ្លាស់ប្តូរ វប្បធម៌ប្រជាប្រិយជនជាតិកានស៊ុនៃចិន ក្នុងប្រទេសកម្ពុជា។

ពិព័រណ៍រូបថត ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់២៤ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ នៅអគារសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ជាន់ផ្ទាល់ដី ស្ថិតក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដោយសារបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល កម្មវិធីពិព័រណ៍រូបថតលើកនេះ ធ្វើឡើងតាមOnline ព្រម គ្នាជាមួយខេត្តកានស៊ុ ប្រទេសចិន ។លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិ បតីដ៏ខ្ពង់ខ្ពស់តំណាងប្រទេសកម្ពុជា និងលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតី តំណាងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីថ្លែងសុន្ទរកថាបើកជានិមិត្តរូប។

កម្មវិធីនេះបានថតទុក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដោយមានការអញ្ជើញវាគ្មិន ចូលរួមចុចប៊ូតង់បើកពិព័រណ៌ផ្លូវការជានិមិត្តរូប គឺលោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និង សោតទស្សន៍ នៃក្រសួងព័ត៌មាន, លោកឧកញ៉ា ជុង ឃាង ប្រធានសមាគមចិននៅកម្ពុជា, លោក ទេស សារ៉ារិទ្ឋ សហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ភាគីកម្ពុជា និង លោក លីវ ស៊ាវគ័ង សហប្រធានភាគីចិន។

ការតាំងពិព័រណ៍រូបថតលើកនេះ បង្ហាញរូបភាពចំនួន ៨០ផ្ទាំង និង ផ្ទាំងគំនូរ ថាំង ខា ដែលជាផ្ទាំងគំនូរបត់ Original Paint មួយចំនួនផងដែរ។ ពិព័រណ៍រូបថតនេះ មានគោលបំណងពីរផ្នែក៖ ផ្នែកទី១ គឺដើម្បីឆ្លុះបញ្ចាំង ពីបរិស្ថានធម្មជាតិ និងវប្បធម៌ ទំនៀមទម្លាប់របស់ជនជាតិកានស៊ុ នៃប្រទេសចិន និងផ្នែកទី២ បង្ហាញពីប្រសិទិ្ឋភាព នៃការកាត់បន្ថយភាពក្រីក្រ ក្នុងតំបន់ស្វយ័ត កានណាន ជាទីវប្បធម៌ដ៏ចំណាស់ របស់ជនជាតិភាគតិចទីបេ និង របៀបនៃការផ្លាស់ប្តូរអន្តរកម្ម រវាងជនជាតិភាគតិចនីមួយៗ នៅក្នុងខេត្តកានស៊ុ ដែលជាខេត្តមួយដ៏សំខាន់នៃវិថីសូត្រ ក្នុងប្រទេសចិន៕

To Top