ភ្នំពេញ៖ ក្នុងថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១ -២០២២ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមអបអរសាទរ និងបង្ហាញសុទិដ្ឋិនិយមថា ឆ្នាំសិក្សានេះនឹងប្រព្រឹត្តទៅបានរលូន ប្រកបដោយជោគជ័យ និងសុវត្ថិភាព។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃនេះសហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា អបអរសាទរ ថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១ ២០២២ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ។
ប្រភពដដែលបន្ថែមថា កាលពីឆ្នាំ២០២០កន្លងទៅ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលអាក្រក់ដល់ ការរៀនសូត្ររបស់សិស្សានុសិស្ស គ្រប់ភូមិសិក្សា។ ទោះជាយ៉ាងណាក្តី ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានអនុញ្ញាតឱ្យការអប់រំ អាចបន្តទៅបានតាមរយៈ ការដាក់ឱ្យរៀនតាមប្រព័ន្ធអនឡាញ និងទូរទស្សន៍ជាដើម។ ទន្ទឹមគ្នានេះ ការពង្រឹងវិធានសុខាភិបាល នៅតាមបណ្តាគ្រឹះស្ថានអប់រំ ក៏ជាកត្តាចាំបាច់សម្រាប់ធានាថា ការបើកសាលាឡើងវិញ នឹងមិនក្លាយជាកន្លែងចម្លងជំងឺកូវីដ ១៩ ដែលត្រូវបានអនុវត្តប្រកបដោយ ភាពយកចិត្តទុកដាក់បំផុត។
សហភាពសហព័ន្ធ យុវជនកម្ពុជាបានបញ្ជាក់ថា “រយៈកាលកន្លងមកនេះ ស.ស.យ.ក. បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ វិធានការណ៍ទាំងឡាយរបស់ រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងកូវីដ ១៩ និយាយជារួម និងក្នុងវិស័យអប់រំ និយាយដោយឡែក តាមរយៈការផ្សព្វផ្សាយ និងកិច្ចសហការនានាក្នុងការជួយ សម្របសម្រួលដល់ការរៀនសូត្រ តាមប្រព័ន្ធអនឡាញជាដើម។
យើងមានសុទិដ្ឋិនិយមថា ឆ្នាំសិក្សានេះនឹងប្រព្រឹត្តទៅបានរលូន សុវត្ថិភាពប្រកបដោយជោគជ័យ។ សូមគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សចូលរួមទាំងអស់គ្នា បន្តអនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់ រស់នៅតាមបែបបទគន្លងថ្មី ដើម្បីចៀសផុតពីការ យាយីទាំងឡាយពីជំងឺកូវីដ១៩” ៕