ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ ដាក់ដំណើរការ ប្រព័ន្ធទូទាត់ថ្មី ដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ច តាមរយៈទូទាត់ ប្រកបដោយ សុវត្ថិភាព

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (កយកា) និងធនាគារជាតិ នៃកម្ពុជា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានរៀបចំពិធីការដាក់ឲ្យដំណើរការ ជាផ្លូវការ នូវ‍‍‍‍‍‍‍‍ប្រព័ន្ធរីធែលផេ ឬប្រព័ន្ធទូទាត់ថ្មី ‍។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក បណ្ឌិត ផាក ហ៊ឹងខ្យង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា ,លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង លោក នោ ហ្យន់ជូន (Rho HyunJun) ប្រធានតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំកម្ពុជា។

សាធារណរដ្ឋកូរ៉េ និងកម្ពុជា បានព្រមព្រៀងធ្វើការរួមគ្នាលើ គម្រោងការពង្រឹងប្រព័ន្ធទូទាត់ជាតិ ក្នុងប្រទេសកម្ពុជា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ដោយផ្តល់ជំនួយឥតសំណង ចំនួន ៨.០០០.០០០លានដុល្លារ តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សម្រាប់ការធ្វើផែនការ ការកំណត់អត្តសញ្ញាណ ការបញ្ជាក់ ការរចនា ការអនុវត្ត ការសាកល្បង និងការបង្កើតប្រព័ន្ធទូទាត់ ចំនួន៣ រួមមាន ៖ ប្រព័ន្ធផ្ទេរមូលនិធិភ្លាមៗ ,ប្រព័ន្ធទូទាត់ចល័ត ,ប្រព័ន្ធទូទាត់តាមរយៈ QR កូដ. ។

បន្ថែមពីនេះទៀត ប្រព័ន្ធទូទាត់ថ្មី ឬប្រព័ន្ធរីធែលផេ‍ ត្រូវបានបង្កើតឡើង ក្រោមការផ្តល់ជំនួយឥតសំណងពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) គឺជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដ៏សំខាន់ ដែលដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈ ការផ្តល់នូវ ការទូទាត់ប្រកបដោយ សុវត្ថិភាព ប្រសិទ្ធភាព និង ជាឧបករណ៍ទូទាត់ដោយរហ័ស សម្រាប់ការទូទាត់ពាណិជ្ជកម្ម។

លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើការលើ ការអភិវឌ្ឍ ប្រព័ន្ធរីធែលផេ‍ ដែលជាអាទិភាពមួយ ដើម្បី កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងជំរុញការប្រើប្រាស់ការទូទាត់តាមអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច ក៏ដូចជាជំរុញ ការដាក់បញ្ចូលហិរញ្ញវត្ថុ ស្របតាម យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។

នាឱកាសនោះដែរ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេវាកម្មនេះ អនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការផ្ញើសាច់ប្រាក់ បង់ថ្លៃឈ្នួល ថ្លៃថែទាំ និងវិក័យប័ត្រប្រើប្រាស់ ដោយមិនបាច់បារម្ភពីហានិភ័យនៃការបាត់បង់សាច់ប្រាក់ ឬចោរលួចនោះឡើយ។

លោកស្រី ក៏បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើការលើការអភិវឌ្ឍ ប្រព័ន្ធរីធែលផេ‍ ដែលជា អាទិភាពមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងជំរុញការប្រើប្រាស់ការទូទាត់ តាមអេឡិចត្រូនិក ក្នុងសេដ្ឋកិច្ច ក៏ដូចជាជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុរបស់ រាជរដ្ឋាភិបាលកម្ពុជា៕

To Top