ព័ត៌មានជាតិ

ក្រសួងព័ត៌មាន មិនយល់ស្របនឹងការលើកឡើងថា ចិនបង្កើត សមាគមសារព័ត៌មាន នៅកម្ពុជា ដើម្បីផ្សព្វផ្សាយពី ភាពវិជ្ជមាន រវាងទំនាក់ទំនង ចិន-កម្ពុជា

ភ្នំពេញ ៖ លោក មាស សុភណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសម្តែងការមិនយល់ស្រប ទៅនឹងការលើកឡើងរបស់ ក្រុមអ្នកសារព័ត៌មាន ដែលតាំងខ្លួនឯងថា ជាអ្នកឯករាជ្យ ដែលលើកឡើងថា ចិនបង្កើតវិទ្យុ ទូរទស្សន៍ ឬសមាគមសារព័ត៌មាននៅកម្ពុជា ដើម្បីផ្សព្វផ្សាយពីភាពវិជ្ជមានរវាងទំនាក់ទំនង ចិន-កម្ពុជា ដែលធ្វើឲ្យសាធារណៈមតិយល់ច្រ លំពីទង្វើពិតប្រាកដរបស់ចិន ដែលមានបំណងត្រួតត្រាប្រទេសកម្ពុជា តាមរយៈអាណានិគមសម័យទំនើប។

យោងតាមការចេញផ្សាយ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក មាស សុភណ្ឌ បានបញ្ជាក់ថា « បើពួកគេលើឡើងដូច្នេះ ចុះពួកគេមិននិយាយផងថា អាមេរិកដែលខិតខំបង្កើត វិទ្យុ វី អូ អេ នៅកម្ពុជា និងនៅបណ្តាល ប្រទេសនានា ដើម្បីផ្សព្វផ្សាយព័ត៌មានញុះញង់បំបែកបំបាក់ ដើម្បីជាលេស ក្នុងការជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យមួយដែរផងទៅ។

លោកយល់ថា ការលើកឡើងរបស់ក្រុមខាងលើនេះ ជាពិសេស គឺវទ្យុអាស៊ីសេរី គឺមានចេតនាទុចរឹត ញុះញង់ឲ្យមាន ការរើសអើងជាតិសាសន៍។ សូមបញ្ជាក់ថា នៅកម្ពុជាមានសារព័ត៌មានបរទេស ដូចជា AP ,AFP,ក្យូដូ ,រ៉យទ័រ ជាដើម។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានរៀបរាប់ថា ផ្អែកតាមច្បាប់របបសារព័ត៌មាន គឺអនុញ្ញាតឲ្យជនបរទេស អាចមានសិទ្ធិប្រកបអាជីវកម្មសារព័ត៌មាន នៅកម្ពុជាបាន ប៉ុន្តែត្រូវគោរពទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិដែល មាន ជាធរមាននៅកម្ពុជា៕

To Top