ព័ត៌មានជាតិ

ក្រសួងកសិកម្ម កំពុងអនុវត្តកម្មវិធីឈ្មោះ ASPIRE ដើម្បីជំរុញកំណើនបន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់

ភ្នំពេញ ៖ ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម ដូចជាបន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់ ឲ្យរីក ចម្រើនធានាបានសន្តិសុខស្បៀង និងធានាដល់ការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា “ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE។ នេះបើយោងតាមផេកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ASPIRE បានដើរតួនាទីយ៉ាងសំខាន់ ជាអ្នកជួយសម្របសម្រួល រៀបចំចងក្រងកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញកសិផល ជាបណ្តុំអាជីវកម្មសរុបមានចំនួន១ ៩២០ មានសមាជិកចំនួន ៦១ ៧៣៥គ្រួសារ នៅទូទាំង ២៤រាជធានី-ខេត្ត។ មិនតែប៉ុណ្ណោះ ASPIRE ក៏បានជួយគាំទ្រទាំងបច្ចេកទេស និងសម្ភារដើម្បីធ្វើឲ្យបណ្តុំទាំងនោះ ប្រកបអាជីវកម្មរបស់ខ្លួនពោរពេញ​ ទៅដោយវិបុលភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ធានាបាននូវនិរន្តរភាពផលិតកម្ម។ ដោយសារការខិតខំប្រឹង ប្រែង យកចិត្តទុកដាក់ នៅថ្ងៃទី១៥ ខែកុម្ភ: ASPIRE បានរៀបចំពិធីចុះ ហត្ថលេខាលើកិច្ចសន្យាចំនួន១៦ និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ២ ស្តីពី “ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឱឡឹកសាច់លឿង និងមាន់សាច់”។

ដើម្បីឲ្យភាគីពាក់ព័ន្ធចុះអនុស្សារណៈ នៃការយោគយល់គ្នា និងចុះកិច្ចសន្យានាពេលនេះ យកទៅសហការអនុវត្តឲ្យបានល្អត្រឹម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានផ្តល់អនុសាសន៍ ជាគន្លឹះមួយចំនួន ពាក់ព័ន្ធការអនុវត្តខ្លឹមសារ MOU និងកិច្ចសន្យា ការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ទាន់សម័យ ការរៀបចំចងក្រងបណ្តុំផលិត ការរៀបចំកន្លែងប្រមូលទិញ និងស្តុកកសិផល ការពង្រីកទីផ្សារ ការពង្រឹងយន្តការ ផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព ផ្តល់ស្លាកសញ្ញា ឬ QR Code ការអនុវត្តកសិកម្មល្អ និងការជួយគាំទ្រ និងផ្សព្វផ្សាយ ការបរិភោគកសិផលសុវត្ថិភាព។

ក្នុងកម្មវិធីនេះ មានតំណាងក្រុមហ៊ុនចំនួន១០ និងសហគមន៍កសិកម្មចំនួន ២ នឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយកសិករ តំណាងបណ្តុំអាជីវកម្មចំនួន ១៦ និងចុះ MoU ចំនួន ២ សម្រាប់ការទិញ លក់កសិផលសរុបជិត ៣ ៤០០ តោន ដែលមានតម្លៃសរុបប្រមាណ ១,៤ លានដុល្លារ មានជាអាទិ៍៖
កិច្ចសន្យាចំនួន ១៦ (បន្លែ១២ មាន់សាច់២ ស្វាយ១ និងឱឡឹក១) ៕

To Top