ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ឲ្យក្រុមហ៊ុនសាងសង់ ផ្លូវជាតិលេខ២-២២ អនុវត្តតាមបទដ្ឋាន បច្ចេកទេស ដើម្បីប្រើប្រាស់យូរអង្វែង និងកាត់បន្ថយការ ខ្ជះខ្ជាយថវិកាជាតិ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តាំផ្ញើឲ្យក្រុមហ៊ុន ត្រូវអនុវត្តតាមបទដ្ឋាន បច្ចេកទេសឲ្យបានជាដាច់ខាត ដើម្បីធានាគុណភាពរឹងមាំរបស់ផ្លូវ និងអាចប្រើប្រាស់បានយូរអង្វែង ចំពោះការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ។

គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាង សង់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយគម្រោងផ្លូវនេះមានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ក្នុងនោះ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ ។

ក្នុងឱកាសចុះពិនិត្យគុណភាព នៃការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា «ក្រសួងអាចចរចារយៈពេល នៃការសាងសង់បាន ប៉ុន្តែក្រុមហ៊ុនត្រូវគោរព និងអនុវត្តតាមបទដ្ឋានបច្ចេកទេស ឲ្យបានជាដាច់ខាត ដើម្បីធានាគុណភាពរឹងមាំរបស់ផ្លូវ និងអាចប្រើប្រាស់បានយូរ អង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិ និងចំណេញពេលវេលា ផងដែរ» ។

សូមរំលឹកថា យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ២ និងផ្លូវលេខ២២ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្រេចបាន២៧,១០%ហើយ។

ជាងនេះទៅទៀត គម្រោងធ្វើឲ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦,១លានដុល្លារ ដែលជា ហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ។ គម្រោងនេះ សាងសង់ដោយយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២ ៕

To Top