

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាប្រធានក្រុមការងារ បច្ចេកទេសគម្រោង SPIN តំណាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម និងថ្នាក់ដឹកនាំ នៃការិយាល័យជំនាញ ប.ស.ស. បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី ការសិក្សាលើការវាយតម្លៃហានិភ័យ ផ្នែកហិរញ្ញវត្ថុទៅលើការពង្រីកវិសាលភាព នៃរបបធានារ៉ាប់រងសុខភាពសង្គម ដល់អ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ ក្រោមការឧបត្ថម្ភគាំទ្រ ដោយអង្គការហ្រ្គេត (GRET) តាមរយៈប្រព័ន្ធវីដេអូ (Video Conference)។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងផ្តោតលើចំណុចសំខាន់មួយចំនួន៖
- ធ្វើបទបង្ហាញណែនាំដោយអ្នកជំនាញផ្នែកវាយតម្លៃហានិភ័យ ហិរញ្ញវត្ថុ មកពីអង្គការអន្តរជាតិខាងការងារ (ILO) ពាក់ព័ន្ធនឹងការសិក្សាលើការវាយតម្លៃហានិភ័យផ្នែកហិរញ្ញវត្ថុទៅលើការពង្រីកការគ្របដណ្តប់ នៃរបបធានារ៉ាប់រងសុខភាពសង្គម
- ពិនិត្យ និងពិភាក្សាទៅលើតារាងវិធីសាស្រ្ត ក្នុងការស្រាវជ្រាវ និងតារាងពេលវេលាដែលស្នើសម្រាប់សិក្សាលើការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងការរៀបចំនូវការយល់ដឹងអំពីទិន្នន័យជាក់លាក់
- សំណើសុំកិច្ចសហប្រតិបត្តិការ នៅក្នុងការស្នើសុំធាតុចូល ទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនឹងការសិក្សា។ សូមបញ្ជាក់ផងដែរថា ការសិក្សានេះ ត្រូវបានរៀបចំដោយអង្គការហ្រ្គេត (GRET) នៅក្នុងបរិបទនៃផែនការពង្រីកវិសាលភាព នៃការធានារ៉ាប់រងសុខភាពសង្គម នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ចំពោះអ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ នៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា៕





