ព័ត៌មានជាតិ

សេចក្តីព្រាងអនុក្រឹត្យ គ្រប់គ្រងដីចំណីផ្លូវថ្នល់ និងផ្លូវរថភ្លើងធ្វើឡើង ក្នុងបំណងលុបបំបាត់ការ ទន្ទ្រានយកដីចំណីផ្លូវ

ភ្នំពេញ ៖ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការងារគ្រប់គ្រងដី ចំណីផ្លូវថ្នូល់ និងផ្លូវរថភ្លើងធ្វើឡើង ក្នុងគោលបំណងលុបបំបាត់ នូវបាតុភាពការទន្ទ្រានយកដីចំណីផ្លូវ ទៅកសាងសំណង់ ឬដាំដំណាំផ្សេងៗរបស់ពលរដ្ឋ ។ នេះបើតាមការឲ្យដឹងពីក្រសួង សាធារណការ និងដឹកជញ្ជូន ។

ក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំសម្របសម្រួល និងជំរុញការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងផ្លូវរថភ្លើង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង សាធារណការ គឺបានកត់សម្គាល់ថា «សេចក្តីព្រាងអនុក្រឹត្យស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់ និង ផ្លូវរថភ្លើង មានគោលបំណង លុបបំបាត់បាតុភាព ការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ ទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះ ថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់ សង្គម ដែលតែងតែកើតមាន នៅតាមបណ្ដាញផ្លូវ កាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ» ។

ជាងនេះទៅទៀត អនុក្រឹត្យនេះ មានគោលបំណងកាត់បន្ថយរាល់ការ ចំណាយរបស់រដ្ឋ ទៅលើការដោះស្រាយផល ប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋដែលតាំងទីលំនៅតាមបណ្ដាញផ្លូវ បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការផ្ដល់ភាពស្របច្បាប់ដល់ ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិ នៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋា រចនាសម្ព័ន្ធរូបវន្តប្រកប ដោយនិរន្តរភាពនៅកម្ពុជា ។

យោងតាមខ្លឹមសារ នៃសេចក្តីព្រាងអនុក្រឹត្យនេះ ក្រសួងសាធារណការ មានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើងក្នុងការធ្វើផែនការ ការសិក្សាគម្រោងប្លង់អភិវឌ្ឍន៍ ផ្លូវជាតិ និងផ្លូវរថភ្លើង ឬផ្ដល់សេវាកម្មផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងផ្លូវជាតិ និងផ្លូវរថភ្លើង ដើម្បីបម្រើផលប្រយោជន៍អ្នកប្រើប្រាស់ផ្លូវជាតិ និងផ្លូវរថភ្លើងឲ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះលោក លឹម ស៊ីដេនីន ក៏បានលើកទឹកចិត្តឲ្យក្រុមការងារជំនាញបច្ចេកទេសពិនិត្យបន្ថែមទៀត និងសិក្សាពាក្យពេជន៍ ឃ្លា ប្រយោគឲ្យបានល្អិតល្អន់ និងស៊ីជម្រៅ សំដៅឲ្យមានសង្គតភាពជាមួយនឹងឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយនៅកម្ពុជា ដើម្បីជំរុញឲ្យការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងដំណើរការទៅមុខដោយរលូន៕

To Top