ព័ត៌មានជាតិ

វេជ្ជបណ្ឌិតម្នាក់ ស្លាប់មិនមែន ដោយសារចាក់វ៉ាក់សាំង កូវីដ១៩

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប បានធ្វើការស្រាយបំភ្លឺ ពាក់ព័ន្ធនឹងមរណភាព របស់លោកវេជ្ជបណ្ឌិត ស៊ាង តុលា បម្រើការនៅផ្នែក ពិគ្រោះជំងឺក្រៅ និងសង្គ្រោះបន្ទាន់ដំបូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មិនមែនដោយការ ចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះ ស៊ីណូហ្វាមទេ គឺស្លាប់ដោយសារបញ្ហា សរសៃឈាមបេះដូង ។

លោក វេជ្ជបណ្ឌិត ស៊ាង តុលា បានទទួលមរណភាព នៅក្នុងលំនៅដ្ឋាន ប្រហែលម៉ោង ៤ ទៀបភ្លឺ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។ នេះបើតាមលិខិតបំភ្លឺ របស់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

លិខិតបន្តរៀបរាប់ថា ថ្ងៃទី១ មីនា លោកមកបំពេញការងារជាធម្មតា រហូតម៉ោង៣រសៀល បានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង ការពារកូវីដ-១៩ (Sinopharm) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ការពិនិត្យ និងវាយ តម្លៃមុនចាក់របស់មន្ត្រីបម្រើការ នៅកន្លែងចាក់វ៉ាក់សាំង ឃើញថា គាត់ពុំមានបញ្ហា ដែលត្រូវហាមចាក់វ៉ាក់សាំងទេ ។ បន្ទាប់ពីចាក់រួច គាត់បានគោរពតាមគោលការណ៍ ដោយបានសម្រាកឲ្យមន្ត្រី ជំនាញ តាមដាន៣០នាទី បន្ទាប់មកដោយសារពុំមានផលរំខាន និងបញ្ហាអ្វីកើតមានឡើង ក៏ត្រឡប់មកបន្តការងារ ។

ប្រពន្ធគាត់ និងមិត្តភក្តិបានបញ្ជាក់ថា លោកវេជ្ជបណ្ឌិត មានបញ្ហាថប់ដង្ហើមនៅពេលដេក និងមាន ស្រមុកខ្លាំង ពិសេស១សប្តាហ៍ ចុងក្រោយនេះ ព្រមទាំងមានប្រវត្តិឈឺទ្រូង និងឧស្សាហ៍ពិនិត្យអគ្គិសនីបេះដូង ជាញឹកញាប់ផងដែរ ។ សរុបមកលោកពិតជាមានបញ្ហាពាក់ព័ន្ធ នឹងសរសៃឈាមបេះដូង ។

ភរិយាបន្ថែមថា នៅយប់ថ្ងៃ១ មីនា បន្ទាប់ពីគាត់ត្រឡប់ពីពេទ្យទៅវិញ បានបរិភោគអាហារជុំគ្រួសារជាធម្មតា ហើយមុនពេលចូល សម្រាកបានត្អូញថា ឈឺទ្រូង និងអស់កម្លាំង ដោយសារមិនសូវបានសម្រាក ។ នៅម៉ោងជាង៣ ភ្លឺ ថ្ងៃ២ មីនា លោកស្ថិតក្នុងសភាពសន្លប់ និងតាំងដង្ហើមម្តងៗ ក៏បញ្ជូនមកមន្ទីរពេទ្យ ហើយអំឡុងពេលនោះភរិយា និងមិត្តភក្តិសុទ្ធសឹងជាមន្ត្រីសុខាភិបាល បានជួយសង្គ្រោះបេះដូង និងផ្លូវដង្ហើមជាប់ជាប្រចាំ ប៉ុន្តែនៅតែមិនដឹងខ្លួន មិនមានដង្ហើម និងចលនាបេះដូងដដែល ។

ការវាយតម្លៃ នៅពេលមកដល់មន្ទីរពេទ្យ របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និង ក្រុមគ្រូពេទ្យបញ្ជាក់ថា គាត់បានបាត់បង់ជីវិត ទៅហើយមុនពេល មកដល់មន្ទីរពេទ្យទៀត ។ ទោះជាយ៉ាងណាការព្យាយាម សង្គ្រោះបេះដូង និងផ្លូវដង្ហើមនៅតែបន្ត ប៉ុន្តែនៅតែពុំអាចសង្គ្រោះបានដដែល ។

ដូច្នេះបើតាមការបញ្ជាក់នៅក្នុងលិខិតគឺថា “ជាការសន្និដ្ឋាន លោកវេជ្ជបណ្ឌិត ស៊ាង តុលា បានទទួលមរណភាព យ៉ាងទាន់ហន់ ដោយបញ្ហាសរសៃឈាមបេះដូង (Myocardial Infarction) និងមិនមានជាប់ពាក់ព័ន្ធ នឹងការចាក់វ៉ាក់សាំងបង្ការ កូវីដ១៩ទេ”

To Top