ព័ត៌មានជាតិ

សៀវភៅកំណត់ត្រា ” ពេជ្រ ស្រស់ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ” នឹងចេញផ្លែផ្កា នៅមុនការបោះឆ្នោត ក្រុមប្រឹក្សាឃុំ- សង្កាត់ឆ្នាំ២០២២

ភ្នំពេញ៖ សៀវភៅកំណត់ត្រា ” ពេជ្រ ស្រស់ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ “ដែលបង្ហាញឱ្យឃើញពីវិធី ក្ដៅ-ត្រជាក់ ការពារ-វាយបក ដោយឈរលើមូលដ្ឋានច្បាប់ជាគោល នឹង ចេញផ្លែផ្កា នៅមុនការបោះឆ្នោត ក្រុមប្រឹក្សាឃុំ- សង្កាត់ឆ្នាំ ២០២២ ។

សូមរំលឹកថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បង្កើតឡើងដោយព្រះរាជក្រឹត្យ កាលពីខែកញ្ញា ឆ្នាំ២០១៨ មាន ៧ជំពូក និង ២១មាត្រា។ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាយន្តការពិគ្រោះ និងផ្ដល់យោបល់ របស់គណបក្សនយោបាយ ជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធិភាពការងារ ដើម្បីជាប្រយោជន៍ ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្ដានុពល។ ជាមួយគ្នានោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏ជាសមាជិកម្នាក់ នៅក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះផងដែរ។

លោក ឯម សុខសុវណ្ណ ប្រធាននាយកដ្ឋានកិច្ចការនយោបាយ នៃគណបក្សយុវជនកម្ពុជា បានបញ្ជាក់ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣ ខែ មីនា ឆ្នាំ ២០២១នេះថា «ប្រតិភូ នៃគណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយលោក ពេជ្រ ស្រស់ ជាប្រធាន ហើយនៅក្នុងសៀវភៅ កំណត់ត្រាជាប្រវត្តិសាស្ត្រនេះ ផ្ដោតលើកត្តាសំខាន់ៗ នៃ “ដ-៣” គឺ ទី១. ដំណើរការ ,ទី២. ដាស់តឿន និងទី៣. ដំណោះស្រាយ ។ គ្រប់ទិដ្ឋភាព គ្រប់សកម្មភាព នៅក្នុងសៀវភៅកំណត់ត្រា ” ពេជ្រ ស្រស់ ឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ ” និងបង្ហាញឱ្យឃើញនូវ វីធី ក្ដៅ-ត្រជាក់ ការពារ-វាយបក ដោយឈរលើមូលដ្ឋានច្បាប់ជាគោល ។ សៀវភៅមួយនេះ ចេញផ្លែផ្កា នៅមុនការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ »៕

To Top